រឿងយើងនាំចេញផលិតផលទៅគេ ហើយគេនាំចេញផលិតផលរបស់គេមកយើង វា គឺជារឿងធម្មតានៅក្នុងការធ្វើពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសមួយនឹងប្រទេសមួយ ។ ប៉ុន្តែអ្វីហួសចិត្តនិយាយមិនចង់ចេញនោះ គឺថាទំនិញមួយចំនួនដែលយើងជាប្រទេសកសិកម្ម មានផ្ទៃដីទូលំទូលាយ ប៉ុន្តែបែរជានាំចូលផលិតផលកសិកម្មមួយចំនួន ដែលយើងគ្រាន់តែដោតចោលសោះនោះវាសឹងតែអោយផលបាត់ទៅហើយ ក៏យើងនាំចូលផងដែរ ។

តាមសេចក្តីរាយការណ៍មួយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មដែលបានលើកឡើង កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា ដោយអនុវត្តតាមប្រកាសអន្តរក្រសួងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការគាំទ្រដោយមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានសហកាជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ ជាប់នឹងប្រទេសវៀតណាម ។
តើទំនិញដែលជំនាញយើងចុះឆែក និងត្រួតពិនិត្យនោះ វា គឺជាផលិតផលអ្វីខ្លះទៅ? តាមសេចក្តីរាយការណ៍របស់ក.ប.ប.បានឲ្យដឹងថា ជំនាញបានប្រមូលគំរូសំណាក់សរុបចំនួន២២ រួមមានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូងជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។

រឿងសមត្ថកិច្ចជំនាញចុះប្រមូលសំណាកលើផលិតផលទាំង២២មុខនេះ គឺជារឿងចាំបាច់ហើយ យើងខ្ញុំពិតជាគាំទ្រឲ្យជំនាញចុះបែបនេះឲ្យកាន់តែញឹកញាប់ ដើម្បីធានាសុវត្ថិភាពនៅក្នុងការហូបចុកពីព្រោះក្តីបារម្ភអំពីការបំពុលដោយគីមី និងសំណល់ថ្នាំកសិកម្ម គឺនៅតែមានជាហូរហែរនៅលើរបស់ ឬទំនិញដែលបម្រើការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ។
ផលិតផលនាំចូលដែលជំនាញចុះប្រមូលសំណាកយកទៅពិនិត្យរកសំណល់ថ្នាំកសិកម្ម ឬ សារធាតុគីមីនោះភាគច្រើន គឺជាទំនិញកសិកម្ម ដែលកសិករនៅក្នុងស្រុកយើងមិនទៅពិបាកដាំដុះសោះឡើយ ប៉ុន្តែយើងបែរជានាំចូលពីគេមកហូបមកទទួលទានទៅវិញ ។ ឧទាហរណ៍ដូចជា ករណីដំឡូងជ្វា ស្លឹកខ្ទឹម ត្រាវ ជាដើម … ដែលសុទ្ធសឹងតែជាដំណាំដែលងាយស្រួលដាំ ពោល គឺគ្រាន់តែពូនរងនឹងដី ហើយក្តិចតែដើមកប់ដីវាដុះហើយ ។ ប៉ុន្តែបែរជាយើងមិននាំគ្នាប្រឹងដាំចែកចាយ នៅលើទីផ្សារនោះទេ គឺបែរជាខ្ជិលនាំគ្នាមកនាំចូលពីប្រទេសជិតខាងទៅវិញ ។

នេះ គឺជារឿង ឬជាបញ្ហាដែលយើងចាំបាច់ត្រូវតែសួរខ្លួនឯងថា ហេតុអ្វីបានជាវាបែបនេះ ។ ដំណាំដែលយើងនាំចូលពីវៀតណាមទាំងនេះ កសិករយើងអាចដាំបាន ហើយដីយើងក៏មានជីវជាតិ បង្កលក្ខណៈសម្រាប់ដំណាំភាគច្រើនទាំងនេះយ៉ាងល្អ ។ ដីកសិកម្មយើងធំទូលាយក្រៅពីធ្វើស្រែហើយនៅសល់ដីទំនេរច្រើនណាស់ មិននាំគ្នាដាំនេះដាំនោះទេ គឺដឹងតែទៅផ្សាររកទិញ ។ យើងទាំងអស់គ្នា គួរតែភ្ញាក់រលឹកនៅតាមស្រុកស្រែចម្ការ ។ ឥឡូវនេះអាងតែកូនធ្វើការរោងចក្រ អាចប្រាក់ខែដល់ខែបើក សូម្បីតែការឆ្លៀតពេលដាំ ដំឡូងជ្វា ស្លឹកខ្ទឹម ស្លឹកគ្រៃ និងកសិផលផ្សេងទៀតក៏មិនធ្វើដែរ ។
នេះ គឺជារឿងដែលយើងគួរតែរិះគិតពីព្រោះត្រឹមតែសម្បត្តិស្លឹកខ្ទឹម ស្លឹកគ្រៃ ដំឡូងជ្វា ម្ទេសអី យើងនាំចូលពីគេមកទទួលទាន គឺជារឿងមួយដែលមិនគួរកើត ។ យើងទាំងអស់គ្នាគួរភ្ញាក់រលឹក កុំខ្ជិលច្រអូសកុំនាំគ្នាទំនេរគិតតែផឹក គិតស៊ីអត់ប្រយោជន៍ យកពេលសល់ពីការងារប្រចាំថ្ងៃធ្វើដីដាំដំណាំជុំវិញផ្ទះគ្រាន់បានបន្លែស្រស់ៗហូប ។ បន្លែបង្ការដែលយើងដាំនៅជុំវិញផ្ទះនេះវាមានសុវត្ថិភាព ហើយវាធ្វើឲ្យយើងមិនទំនេរអង្គុយដកខ្យល់ចោល ហើយបបួលគ្នាផឹកស៊ីនាំតែជំងឺមិនតែប៉ុណ្ណោះសុខភាពក៏ល្អពីព្រោះយើងអាចបញ្ចេញពលកម្មបែកញើស ។ ដំណាំទាំងនេះ ពេលខ្លះវាសម្រាប់ហូបចុកប្រចាំគ្រួសារ ប៉ុន្តែបើសល់ច្រើនក៏អាចនាំចូលទីផ្សារលក់ដោះដូរបានខ្លះៗដែរ ។

សរុបទៅយើងទាំងអស់គ្នា គួរតែគិតគូរបញ្ហានេះឡើងវិញ ដើម្បីកុំអោយគេដៀលយើងថា យើងមានដីមានធនធាន ប៉ុន្តែមិននាំគ្នាដាំ គឺបែរជានាំគ្នាខ្ជិលដាំដុះ ហើយនាំចូលពីគេមកទទួលទាន ។ រឿងយើងបិទមិនអោយគេចូលវាមិនអាចធ្វើបានទេ ដោយសារតែយើងវាត្រូវការហូបចុក ប៉ុន្តែប្រសិនបើយើងមានធនធាននៅក្នុងស្រុក ហើយយើងនាំគ្នាគាំទ្រផលិតផលនៅក្នុងស្រុកយើង ។ យើងជួយគ្នាហើយសហការល្អរវាងអ្នកហូបឈ្មួញកណ្តាល និងអ្នកដាំ ឬយើងធានាការផ្គត់ផ្គង់តាមផ្ទះតាមភូមិតាមសហគមន៍បាន គឺវាល្អមែនទែន ៕