ផ្លូវរថភ្លើងភ្ជាប់ទៅអាកាសយានដ្ឋានភ្នំពេញ៖ ដែករ៉ៃត្រូវដកចេញឆាប់ៗ ដើម្បីធានាសុវត្ថិភាពចរាចរណ៍

ផ្លូវរថភ្លើងភ្ជាប់ទៅអាកាសយានដ្ឋានភ្នំពេញ៖ ដែករ៉ៃត្រូវដកចេញឆាប់ៗ ដើម្បីធានាសុវត្ថិភាពចរាចរណ៍

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឱ្យក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ , អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

តាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រុមហ៊ុន Royal Railway Cambodia ធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។

មន្ត្រីជាន់ខពស់ខាងលើ បានបន្តថា ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវនេះ។

តាមឯកឧត្តម ផន រឹម ក្រុមការងារបានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway Cambodia បានឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

ប្រភព៖ ក្រសួងព័ត៍មាន

administrator

Related Articles