ស្ពានជ្រៃធំ: ស្ពានមិត្តភាពកម្ពុជា-វៀតណាម បង្កើនសេដ្ឋកិច្ច តភ្ជាប់វប្បធម៌ និងជំរុញពាណិជ្ជកម្មព្រំដែន

ស្ពានជ្រៃធំ: ស្ពានមិត្តភាពកម្ពុជា-វៀតណាម បង្កើនសេដ្ឋកិច្ច តភ្ជាប់វប្បធម៌ និងជំរុញពាណិជ្ជកម្មព្រំដែន

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានជ្រៃធំ ដែលជាស្ពានមិត្តភាពដ៏សំខាន់ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ស្ពានដែលមានប្រវែង ៤២៨ម៉ែត្រនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍គ្រប់ប្រភេទ។ ជាពិសេស ស្ពាននេះបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការដោះដូរទំនិញ និងកសិផល ដែលជាកត្តាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។

លើសពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ស្ពានជ្រៃធំក៏បានក្លាយជាតំណភ្ជាប់ដ៏រឹងមាំផ្នែកសង្គម និងវប្បធម៌ផងដែរ ដោយបានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ជួយពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។

ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាងទាំងពីរ ស្ពានជ្រៃធំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែស្ងប់ស្ងាត់ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ដ៏មានសក្ដានុពល៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles