ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាមួយ បដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ព្រមទាំងទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថា ប្រាសាទតាក្របីស្ថិតក្នុងអធិបតេយ្យភាពរបស់ប្រទេសថៃ។ ក្រសួងចាត់ទុកការអះអាងនេះថា ជាការបំភ្លៃ និងបំភាន់ខុសពីការពិត ដោយសារភាគីថៃបានប្រើប្រាស់ផែនទីដែលគូសដោយខ្លួនឯង និងគ្មានតម្លៃតាមផ្លូវច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលមានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ក្នុងភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យភាពទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលត្រូវបានអន្តរជាតិទទួលស្គាល់។
ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើភាគីថៃចង់ដឹងច្បាស់អំពីកម្មសិទ្ធិរបស់ប្រាសាទតាក្របី ពួកគេគួរតែចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
បន្ថែមពីលើនេះ ក្រសួងការពារជាតិកម្ពុជា ក៏បានថ្កោលទោសទាហានថៃដែលបានហាមប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករដែលមានចរនារូបទង់ជាតិកម្ពុជាតូចមួយ ខណៈដែលអនុញ្ញាតឱ្យប្រជាជនថៃប្រើប្រាស់សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗដែលមានរូបទង់ជាតិថៃយ៉ាងច្រើន។ ក្រសួងចាត់ទុកទង្វើនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាមានសិទ្ធិពេញលេញក្នុងការស្លៀកសម្លៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជា នៅពេលទៅទស្សនាប្រាសាទតាក្របី ដោយលើកឡើងថា ចំណុចនេះមិនបានបំពានលើកិច្ចព្រមព្រៀងណាមួយឡើយ។
សេចក្តីថ្លែងការណ៍ក៏បានរៀបរាប់អំពីហេតុការណ៍មួយ ដែលអ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹង និងប៉ុនប៉ងប្រើប្រាស់អំពើហិង្សាលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយហេតុផលត្រឹមត្រូវថា ប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីកម្ពុជា។
ជាចុងក្រោយ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងជាមួយភាគីថៃដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រទេសជិតខាងល្អ។ ក្រសួងបានអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដើម្បីជៀសវាងការបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុដែលភាគីទាំងពីរមិនចង់ឃើញ។
សេចក្តីថ្លែងការណ៍នេះបានបង្ហាញពីជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិរបស់ពួកគេ។ ករណីនេះត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការពិភាក្សាបន្ថែមទៀតរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន