សហរដ្ឋអាមេរិក ៖ បណ្តាអ្នកគាំទ្រកីឡាករ Lionel Messi បានជំរុញកំពូលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ឱ្យចាកចេញពីក្លិប Inter Miami ក្រោយរងការអាម៉ាស់ក្នុងការប្រកួតចាញ់ក្រុម Paris Saint-Germain ដែលជាអតីតក្រុមរបស់ខ្លួនធ្លាប់ប្រកបអាជីព ដោយលទ្ធផល ៤ទល់នឹង០ ធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមសេដ្ឋីបារាំង PSG ចាយពេលត្រឹមវគ្គទី១ ដើម្បីសម្រេចបាន៤គ្រាប់ជ័យជម្នះលើក្រុមម្ចាស់ទឹកដីអាមេរិក Inter Miami កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ ក្រោយការបរាជ័យនេះ ប្រភពពីគេហទំព័រ goal.com បានស្រង់ការបញ្ចេញមតិលើបណ្តាញសង្គមរបស់អ្នកគាំទ្រ Messi ជាច្រើនបានជំរុញ និងដាក់សម្ពាធប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ឱ្យចាកចេញពីក្លិប Inter Miami ព្រោះមិនចង់ឃើញកីឡាករនៅក្នុងបេះដូងពួកគេរងភាពអាម៉ាស់បែបនេះទៀតទេ ។
អ្នកគាំទ្រម្នាក់បានសរសេរលើបណ្តាញសង្គម X ដូច្នេះថា «Messi សូមធ្វើដើម្បីអ្នកគាំទ្រអ្នក សូមចាកចេញពីក្លិប Inter Miami មុនពេលរដូវកាលថ្មីចូលមកដល់»។ អ្នកគាំទ្រម្នាក់ទៀត ក៏បានសរសេរថា «ខ្ញុំមិនយល់សោះហេតុអ្វី Messi នៅតែចង់លេងឱ្យក្រុមនេះ ទាំងការប្រយុទ្ធ និងការពារ Messi កំពុងលេងជាមួយកីឡាករបាល់ទាត់ដែលគ្មានសមត្ថភាព។ ខ្ញុំគិតថាគាត់ខ្វល់តែពីរបៀបរស់នៅក្នុងទីក្រុងម៉ៃអាមី (Miami) ជាងខ្វល់អំពីបាល់ទាត់ឥឡូវនេះ»។ ម្នាក់ទៀត ក៏បានសរសេរថា «Messi មិនសមនឹងទទួលបានភាពអាម៉ាស់បែបនេះពី PSG ទេ។ Beckham អ្នកប្រាកដជានឹងត្រូវសងសម្រាប់រឿងនេះ»។
ជ័យជម្នះរបស់ PSG ជួយពួកគេឡើងទៅតទល់ជាមួយក្រុម Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោហង១១:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ដ្បិតក្រុមយក្សអាល្លឺម៉ង់មួយនេះ បានទម្លាក់ក្រុមពីប្រេស៊ីល Flamengo ត្រឹមវគ្គ១៦ក្រុមចុងក្រោយ តាមរយៈលទ្ធផល ៤ទល់នឹង២៕ ប្រភព ៖ goal.com


