ទីក្រុងប៉េកាំង ៖ កីឡាករបាល់ទាត់មួយចំនួនរបស់ក្រុម Beijing Guoan ត្រូវបានបង្ខំចិត្តធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយជួលជិះកង់ បន្ទាប់ពីរថយន្តក្រុងដឹកកីឡាកររបស់ក្រុម ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងលីគកំពូលចិន (CSL) មួយនេះ ត្រូវបានរឹបអូស ដោយសាររឿងជំពាក់បំណុល។
បើយោងតាមកាសែត South China Morning Post កាលពីថ្មីៗនេះ បានចេញផ្សាយរូបភាពដែលត្រូវបានចែកចាយកក្រើកបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ ដោយបង្ហាញឱ្យឃើញរថយន្តក្រុងដឹកកីឡាករក្រុម Beijing Guoan ត្រូវបានរថយន្តសណ្តោងអូសចេញទៅ ក្រោមការបង្កាប់បញ្ជាពីតុលាការប្រជាជនកម្រិតមធ្យមទីក្រុងប៉េកាំង។ ជាលទ្ធផល យ៉ាងហោចណាស់កីឡាករបរទេស ៣ នាក់ រួមមាន ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Guga ខ្សែបម្រើសញ្ជាតិប្រេស៊ីល Dawhan ព្រមទាំងខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Serginho ត្រូវបង្ខំចិត្តជួលកង់សាធារណៈ ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការហ្វឹកហាត់។
ក្រុមហ៊ុនអចលនទ្រព្យ Sinobo Group ដែលមានភាគហ៊ុន ៦៤% នៅក្នុងក្លិប Beijing Guoan ត្រូវបានរាយការណ៍ថាកំពុងជាប់បំណុលទឹកប្រាក់ ៣,៦៨ពាន់លានយន់ ឬស្មើ ៥១៣លានដុល្លារអាមេរិក។
ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងណាក្តី ក៏ក្លិបមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩២មួយនេះ បានបន្តការវិនិយោគយ៉ាងច្រើនក្នុងក្រុមរបស់ពួកគេនៅរដូវកាលនេះ។ ក្លិបក៏បានតែងតាំងអតីតគ្រូបង្វឹកក្លិប Barcelona លោក Quique Setien ជាគ្រូបង្វឹកក្រុមបុរសឈុតធំ និងបានចុះហត្ថលេខានាំយកកីឡាករថ្មីរហូតដល់៧នាក់ថែមទៀតផង។
ឆ្លងកាត់១៦ប្រកួតកន្លងមករដូវកាលនេះ Beijing Guoan កំពុងកាន់កាប់កំពូលតារាងក្របខណ្ឌលីគកំពូលចិនបណ្តោះអាសន្ន ដោយមាន៣៨ពិន្ទុ ស្មើពិន្ទុជាមួយក្រុមលេខ២ Shanghai Shenhua ដ្បិតសល់១៤ប្រកួតទៀត ដើម្បីកំណត់ម្ចាស់ជើងឯករដូវកាលនេះ។ Beijing Guoan ធ្លាប់គ្រងជើងឯកលីគកំពូលចិន១លើកក្នុងឆ្នាំ២០០៩ ហើយបានបញ្ចប់ជាក្រុមជើងឯករង៤លើកក្នុងឆ្នាំ ២០០៧, ២០១១, ២០១៤ និង២០១៩។
សូមជម្រាបថា ការក្ស័យធនរបស់ក្លិបបាល់ទាត់ចិនបានក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសបន្ទាប់ពីការផ្ទុះឡើងវិបត្តិអចលនទ្រព្យក្នុងឆ្នាំ២០២១ និងវិបត្តិហិរញ្ញវត្ថុដែលកំពុងតែបន្ត។ ជាក់ស្តែង បំណុលកើនឡើងក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande Group ដ៏ធំមួយរបស់ចិន បានបង្ខំឱ្យក្លិប Guangzhou Evergrande ដែលធ្លាប់ជាមហាអំណាចកីឡាបាល់ទាត់របស់ចិន ត្រូវបង្ខំចិត្តរំសាយនៅក្នុងខែមករាដើមឆ្នាំនេះ។
ការធ្លាក់ចុះដំណើរការលីគក្នុងស្រុក ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមជម្រើសជាតិចិនផងដែរ ខណៈដែលថ្មីៗនេះ ក្រុមជម្រើសជាតិបុរសឈុតធំចិន អស់ឱកាសទៅកាន់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ក្រោយធ្លាក់ត្រឹមវគ្គជម្រុះជុំទី៣ប្រចាំទ្វីប។ លើសពីនេះទៀត មន្ត្រីមួយចំនួនពីសមាគមកីឡាបាល់ទាត់ចិន (CFA) រួមទាំង លោក Chen Xuyuan អតីតប្រធានសមាគម និងអតីតគ្រូបង្វឹកជម្រើសជាតិ លោក Li Tie ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ពីបទពុករលួយ និងស៊ីសំណូក។
យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ប្រធានថ្មី លោក Song Kai សមាគមកីឡាបាល់ទាត់ចិន កំពុងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀត លើការអភិវឌ្ឍន៍យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរ សម្រាប់អនាគតបាល់ទាត់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ពិភពលោកមួយនេះ៕ ដកស្រង់ ៖ VnExpress



