គម្រោងវិនិយោគកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល រំពឹងបំបែកកំណត់ត្រា ៥០០គម្រោង នៅឆ្នាំ២០២៥!

គម្រោងវិនិយោគកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល រំពឹងបំបែកកំណត់ត្រា ៥០០គម្រោង នៅឆ្នាំ២០២៥!

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា នឹងទទួលបានគម្រោងវិនិយោគបំបែកកំណត់ត្រាថ្មី ឈានដល់៥០០គម្រោង នៅឆ្នាំ២០២៥នេះ ទោះមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្តី។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណចុងក្រោយ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៧៣គម្រោង ដែលមានតម្លៃជិត ៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងគម្រោងចំនួន ៦០បន្ថែមទៀត ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក កំពុងស្ថិតក្រោមការត្រួតពិនិត្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន៤១៤គម្រោង ដោយក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាមិនដែលបានអនុម័តចំនួន៤០០គម្រោងបែបនេះនោះទេ ប៉ុន្តែក្នុងឆ្នាំនេះ អាចនឹងបំបែកកំណត់ត្រាថ្មីទៀត អាចឈានដល់ ៥០០គម្រោង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតឱកាសអំពាវនាវឱ្យពលករខ្មែរនៅក្រៅប្រទេសពិចារណាត្រឡប់មកប្រទេសកំណើតវិញ ដោយលើក ឡើងពីតម្រូវការកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់ប្រទេស ខណៈប្រទេសកម្ពុជាត្រូវការកម្មករប្រមាណ ៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង អាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។ ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles