កីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍៖ បើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោឆ្នាំ២០២៥

កីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍៖ បើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោឆ្នាំ២០២៥

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡា​វាយ​សី ជើងឯក​អាស៊ី​អាគ្នេយ៍​ ថ្នាក់​តំបន់ ឆ្នាំ​២០២៥ ចាប់ផ្តើម​ដំណើរការ​ប្រកួត​ផ្លូវការ នៅ​ថ្ង​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីលាន​វាយ​សី​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ថ្ងៃ​ប្រកួត​ដំបូង​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​ ។

លោក ព្រំ សា​រ៉ា​វុ​ធ អនុប្រធាន​គ្រប់គ្រង​មន្ត្រី​អាជ្ញាកណ្តាល​ បាន​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​វាយ​សី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​កីឡា​វាយ​សី​ក្នុង​តំបន់ និង​ពង្រឹង​មិត្តភាព​រវាង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។ សម្រាប់​វគ្គ​ដំបូង ​នៃ​ការ​ប្រកួត គឺ​ចាប់ផ្តើម​ប្រកួត​វិញ្ញាសា​ជា​ក្រុម​ប្រទេស​ និង​ប្រទេស លើ​វិញ្ញាសា​ក្រុម​អាយុ​ក្រោម ២៣ ដោយ​កម្ពុជា ប៉ះ ក្រុម​ជម្រើសជាតិ​ទី​ម័​រ​, ក្រុម​អាយុ​ក្រោម ១៧ ដោយ​កម្ពុជា ប្រកួត​ក្រុម​មី​យ៉ា​ន់​ម៉ា ខណៈ​ក្រុម​អាយុ​ក្រោម ១៥ គឺ​កម្ពុជា ប៉ះ​ក្រុម​មី​យ៉ា​ន់​ម៉ា ដូច​គ្នា ​។


លោក​បន្ថែម​ថា ការ​ប្រកួត​នេះ​ត្រូវ​លេង​វិល​ជុំ​ទាំងអស់ សម្រាប់​ជុំ​ទី​១ ហើយ​ចំពោះ​ការ​ប្រកួត​ជុំ​ទី​២ ក្រុម​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ត្រូវ​បន្ត​ជួប​ប្រទេស​ឡាវ និង​ប្រទេស​ព្រុយ​ណេ​ទៀត​។ ដូច្នេះ​ហើយ​ទាល់តែ​ឈ្នះ​ភាគច្រើន​ជាងគេ នៅ​ក្នុង​ក្រុម គឺជា​ក្រុម​ជាប់​ជ័យ​លា​ភី​។ ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង​ពី​ថ្ងៃ​ទី​០៧-០៩ ខែកក្កដា​នេះ គឺជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៃ​ក្រុមចម្រុះ ហើយពី​ថ្ងៃ​ទី​០៩-១២ ខែកក្កដា​នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​។ លោក ព្រំ សា​រ៉ា​វុ​ធ បន្ថែម​ថា ចំពោះ​ការ​ប្រកួត​វាយ​ក្រុមចម្រុះ​នេះ គឺ​មាន​៥​ប្រកួត ហើយ​ប្រសិនបើ​យើង​ឈ្នះ​៥​ប្រកួត​គឺ​យើង​មាន​ពិន្ទុ​កាន់​ត​ខ្ពស់ ក្នុង​ការ​ដណ្តើម​ជ័យ​លា​ភី ហើយ​ប្រសិនបើ​យើង​ឈ្នះ​ត្រឹម​៣​ប្រកួត ហើយ​ចាញ់​២​ប្រកួត នៅ​យើង​នៅ​តែ​មានឱកាស​ដែរ ប៉ុន្តែ​បើ​ឈ្នះ​ទាំងអស់​គឺ​យើង​មាន​ពិន្ទុ​ខ្ពស់​បំផុត​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វាយ​សី ជើងឯក​អាស៊ី​អាគ្នេយ​នេះ មាន​៥​ប្រទេស​ចូលរួម ម្ចាស់ផ្ទះ​កម្ពុជា ឡាវ ព្រុយ​ណេ មី​យ៉ា​ន់​ម៉ា និង​ទី​ម័​រ​ខាងកើត ពី​ថ្ងៃ​ទី​០៧-១២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​គាំទ្រ​លើកទឹកចិត្ត​ដល់​ការ​ប្រកួត​ទាំងអស់ ជា​ពិសេស​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles