ខេត្តសៀមរាបះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។
ក្នុងឱកាសនោះដែរ លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសង ខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួស ជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ ហើយជំនួសដោយឥដ្ឋថ្មីនិងប្រើប្រាស់ឥដ្ឋចាស់ ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើង វិញ។
បិទកំបោរបាយអរនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។ ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់ នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។
លោក រស់ វិសុទ្ធ បញ្ជាក់ទៀតថា ប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានគ្រោះថ្នាក់ខ្លាំងនៅផ្នែកជើងជញ្ជាំងខាងក្រោម បណ្តាលមកពីទឹកភ្លៀងជ្រាបចូលទៅក្នុងស្រទាប់ឥដ្ឋ បន្តិចម្តងៗ ធ្វើឱ្យជញ្ជាំងឥដ្ឋចុះខ្សោយ រួមជាមួយការបៀមសំណើមនៅផ្នែកខាងលើ ដោយកត្តាស្មៅ និង រុក្ខជាតិដុះចាក់ឬសផងបានធ្វើឱ្យឥដ្ឋកាន់តែពុកផុយ និងរលុះធ្លាក់។ កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រួចរាល់ដោយជោគជ័យនិងបានរឹងមាំឡើងវិញ ឱ្យរួចផុតពីហានិភ័យនានាមកហើយ៕

















