បណ្ដេញជនបរទេសខុសច្បាប់៖ អន្តោប្រវេសន៍ បណ្ដេញជនបរទេសជិត ៥ពាន់នាក់ ពីកម្ពុជា ក្នុង៦ខែ ឆ្នាំ២០២៥

បណ្ដេញជនបរទេសខុសច្បាប់៖ អន្តោប្រវេសន៍ បណ្ដេញជនបរទេសជិត ៥ពាន់នាក់ ពីកម្ពុជា ក្នុង៦ខែ ឆ្នាំ២០២៥

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២៥ នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

បើតាម ឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន ១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

administrator

Related Articles