យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែននៅថ្ងៃទី១០កក្កដាឆ្នាំ២០២៥ម្សិលមិញនេះបានអោយដឹងថាដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះសម្រេចបានប្រមាណ ៥៣,៣០ភាគរយ នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤ភាគរយ និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨ភាគរយ។
យោងតាម សេចក្តីប្រកាសព័ត៌មានបានលំអិតថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានប្រើប្រាស់កម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង រកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ដាក់លូប្រអប់ សរុប ចំនួន ២៣ កន្លែង ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ១៧៨ កន្លែង ឈូសព្រៃដែលមានមុខទទឹង ៥ ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ ឈូសផ្លូវ ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤,៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ។
សូមរម្លឹកថា នេះគឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែននេះ បានប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤រដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ដោយ ទទួលបានពីការបរិច្ចាគពីពលរដ្ឋខ្មែរជិត២៧លានដុល្លារអាមេរិក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីខែកក្កដាឆ្នាំ២០២៤បានលើកឡើងថា កម្ពុជាគ្រោងធ្វើ ផ្លូវក្រវាត់ព្រំដែនជាង ២,៦៦០គីឡូម៉ែត្រ តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបន្តធ្វើផ្លូវនេះបាន ១,៣០០គីឡូម៉ែត្រ នៅសល់១,៣០០គីឡូម៉ែត្រទៀត ដោយសម្តេចបវរធិបតីបានប្រកាសថាបានចុះហត្ថលេខាលើការប្រើប្រាស់ថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ពោលគឺ ផែនការបញ្ចប់នៅឆ្នាំ២០៣៤ ចំពោះចំណុចខ្សែព្រំដែនណាដែលបានដោះស្រាយរួច។
សូមរម្លឹកថា ការកសាងផ្លូវក្រវាត់ព្រំដែននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយ បានអនុវត្តន៍ ចាប់ ពី ឆ្នាំ១៩៩៤មកម្ល៉េះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ទាប់ពីបានកសាងរួចរាល់ ផ្លូវក្រវាត់ព្រំដែននេះ នឹង ក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពបានគត់មុត និងយូរអង្វែង ដោយប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវនេះដើម្បីទៅពិនិត្យ មើលបង្គោលព្រំដែន។ ទន្ទឹមនេះ ផ្លូវក្រវាត់ព្រំដែននេះ នឹងក្លាយទៅជាផ្លូវសរសៃឈាម ដែល ប្រជាពលរដ្ឋអាចដឹកកសិផលទៅទីផ្សារ ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា ជាពិសេសលើកកម្ពស់ជីវភាពប្រជាជននៅតាមខេត្តជាប់ ព្រំដែនដោយផ្ទាល់៕
ប្រភព៖ ក្រសួងព័ត៌មាន