ភោជនីយដ្ឋានថ្មដា រំលោភ​ផ្លូវ​សាធារណៈ៖ រដ្ឋបាល​ខណ្ឌ​៧​មក​រា ព្រមាន​ចាត់វិធានការ​ច្បាប់

ភោជនីយដ្ឋានថ្មដា រំលោភ​ផ្លូវ​សាធារណៈ៖ រដ្ឋបាល​ខណ្ឌ​៧​មក​រា ព្រមាន​ចាត់វិធានការ​ច្បាប់

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ណែនាំ និង​​ព្រមាន​ឲ្យ​ធ្វើ​កិច្ចសន្យា ក្រោយ​ការដ្ឋាន​សំណង់​មួយ​កន្លែង​របស់​ភោជនីយដ្ឋាន​«​ថ្មដា​» បាន​បណ្តុះ​សរសៃដែក រំលោភ​លើ​លំហ​ផ្លូវ​សាធារណៈ ។

​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​ចំនួន​០២​លើក កាលពី​រសៀល​ថ្ងៃ​ទី​០៩ និង​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ណែនាំ​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ចាត់​ឲ្យ​លោក ណុ​ប វ​ណ្ណា នាយករង​រដ្ឋបាល ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ខណ្ឌ ចៅសង្កាត់ មេ​ភូមិ និង​មន្ត្រី​ជំនាញ ចុះ​ផ្ទាល់​ត្រួតពិនិត្យ​ការដ្ឋាន​នោះ ។


​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញជាក់ស្តែង ដោយ​ម្ចាស់​សំណង់​របស់​ភោជនីយដ្ឋាន​ថ្មដា បាន​បណ្តុះ​សរសៃដែក​ធ្នឹម​មក​លើ​លំហ​ផ្លូវ​សាធារណៈ មាន​ប្រវែង​បណ្តោយ​១៣​ម៉ែត្រ និង​ទទឹង ១​ម៉ែត្រ ៦​តឹក ហើយ​ម្ចាស់​ការដ្ឋាន​បាន​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ឡើយ ។

​ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ នៃ​ការិយាល័យ​រៀបចំ​ដែនដី​ខណ្ឌ​៧​មក​រា បាន​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​ឃើញ​ការ​រំលោភ និង​សាងសង់​គ្មាន​លិខិតអនុញ្ញាត​បែប​នេះ មន្ត្រី​ជំនាញ​បាន​ផ្អាក​ការ​សាងសង់​ជា​បណ្តោះអាសន្ន ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​សាងសង់​នៅ​សាលា​ខណ្ឌ​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ។

ក្នុង​នោះ​អាជ្ញាធរ ស្នើ​សុំ​ឲ្យ​ម្ចាស់​សំណង់​ត្រូវ​កាត់​សរសៃដែក ដែល​បណ្តុះ​ចេញ​មក​រំលោភ​លំហ​ផ្លូវ​សាធារណៈ​នេះ​ចេញ ជា​ដាច់ខាត តែ​ម្តង ។​

អាជ្ញាធរ បាន​ព្រមាន​ថា ក្នុង​ករណី​ម្ចាស់​ការដ្ឋាន​សំណង់​របស់​ភោជនីយដ្ឋាន​«​ថ្មដា​» មិន​អនុវត្ត​តាម​ការ​ណែនាំ និង​កិច្ចសន្យា​របស់​រដ្ឋបាល​ខណ្ឌ ហើយ​នៅ​តែ​បន្ត​សាងសង់ ឬ​ជួសជុល នោះ​រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​រដ្ឋបាល​។ រាល់​ការ​ខូចខាត ឬ​បាត់បង់​សម្ភារៈ អាជ្ញាធរ នឹង​មិន​ទទួលខុសត្រូវ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles