ព្រំប្រទល់រដ្ឋបាលខេត្តកណ្តាល: រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងស្តីពីការប្រែប្រួលទំហំផ្ទៃដី ក្រោយកែសម្រួលព្រំប្រទល់

ព្រំប្រទល់រដ្ឋបាលខេត្តកណ្តាល: រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងស្តីពីការប្រែប្រួលទំហំផ្ទៃដី ក្រោយកែសម្រួលព្រំប្រទល់

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួលទំហំផ្ទៃដី នៅក្នុងភូមិសាស្រ្តខេត្ត។

ក្នុងនោះ រដ្ឋបាលខេត្តកណ្តាល បានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ខេត្តកណ្តាល ជាខេត្តមួយ ដែលហ៊ុំព័ទ្ធរាជធានីភ្នំពេញ ដោយមានព្រំប្រទល់ ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់ ប្រទេសវៀតណាម ខាងកើតជាប់ខេត្តព្រៃវែង ខាងលិចជាប់ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ។ នៅមុនឆ្នាំ២០២៥ ខេត្តកណ្តាល មានផ្ទៃដីទំហំ ៣២៥១.៤៦គីឡូម៉ែត្រក្រឡា។

ដោយមានការកែ សម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានី ភ្នំពេញ និងខេត្តកណ្តាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៥/៣៧៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ ម៉ែត្រការ៉េ (ដែលមានដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទន្ទឹមនេះ មានការកែ សម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល តាមរយៈ ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២ ៤៧៥ហិកតា ៦ ១៧៨ម៉ែត្រការ៉េ ពីឃុំព្រែកផ្ទាល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំប្រទល់រដ្ឋបាល។ ការកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានី ភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល បានធ្វើឱ្យផ្ទៃដីខេត្តកណ្តាល មានការប្រែប្រួល ដែលបច្ចុប្បន្នមានផ្ទៃដីទំហំសរុប ៣២៧៨.៤៨គីឡូម៉ែត្រក្រឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles