កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជាថ្មីមួយ ដែលតម្រូវឱ្យក្រុមកម្មករធ្វើការងារនៅខាងក្រៅអគារទាំងអស់ត្រូវតែឈប់សម្រាករយៈពេល ២០នាទីនៅរៀងរាល់ ២ម៉ោងម្តង ដើម្បីឆ្លើយតបទៅនឹងបញ្ហារលកកម្តៅដែលកំពុងគំរាមគំហែងតំបន់ជាច្រើននៅទូទាំងប្រទេស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែកក្កដាបានឱ្យដឹងថា ការសម្រេចដាក់ចេញវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់លើសពី ៣៣អង្សាសេ។
បើតាមក្រសួងការងារ និងកម្លាំងពលកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ការសម្រេចដាក់ចេញបទបញ្ជាឈប់សម្រាកដ៏តឹងរឹងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីការពារក្រុមកម្មករពីការស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគេព្យាយាមធ្វើការងារក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ។ ប្រភពខាងលើបានបន្តថា ក្នុងករណីដែលក្រុមហ៊ុននិងសហគ្រាសទាំងឡាយណាមិនអនុវត្តតាមបទបញ្ជាខាងលើនេះឱ្យបានខ្ជាប់ខ្ជួននោះទេគឺអាជ្ញាធរនឹងចាត់វិធានការទៅផ្លូវច្បាប់ជាធរមាន ដែលមានទាំងការពិន័យជាប្រាក់ ឬផ្អាកអាជីវកម្មទាំងនោះតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time