យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា កំពុងបន្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ហើយយើងសូមថ្លែងអំណរគុណចំពោះសហការីកម្ពុជាដែលត្រៀមខ្លួនបន្តកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម បាននិយាយថា ឆ្នាំនេះ យើងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ហើយដោយមានបទពិសោធន៍ដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា យើងនឹងបន្តសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ ព្រឹត្តិការណ៍ សំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់អំពីអន្តរកម្មសកម្មរបស់ប្រទេសយើងទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា កាលពីខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ និងបច្ចេកទេសត្រូវបានប្រារព្ធធ្វើឡើង ដោយលោកជំទាវ អុកសាណា លុត (Oksana Lut)រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធាន ដោយព្រឹត្តិការណ៍នោះបានជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយកាលពីក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមអ្នកធុរកិច្ចកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ភស្តុភារ ទេសចរណ៍ សំណង់ និងឱសថ។ ឯកឧត្តមបាននិយាយថា «ខ្ញុំប្រាកដថា ជំហានទាំងនេះនឹងជួយឱ្យទំនាក់ទំនងរបស់យើងឆ្ពោះទៅរកកម្រិតថ្មីមួយប្រកបដោយគុណភាព»។
ឯកឧត្តមបាននិយាយបន្ថែមថា ព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជារបស់ឯកឧត្តម អ៊ីងោរ ក្រាសណូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ី។ ក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនោះ កិច្ចប្រជុំចំនួនប្រាំពីរត្រូវបានធ្វើឡើង ហើយឯកសារចំនួនបីច្បាប់ត្រូវបានចុះហត្ថលេខា ដោយបើកឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសាមីនៃប្រទេសទាំងពីរក្នុងវិស័យការពារសិទ្ធិប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ គណប្រតិភូកម្ពុជាក៏តែងតែធ្វើដំណើរទៅរុស្ស៊ីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗផងដែរ ដោយនៅក្នុងចំណោមនោះរូមមាន វេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់សម្រាប់កិច្ចការសន្តិសុខ កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី និងសន្និសីទអន្តរជាតិលើកទី៥ ស្តីពីការគំរាមកំហែងជីវសុវត្ថិភាពសកលលោក និងដំណោះស្រាយជាដើម។ មិនតែប៉ុណ្ណោះ អ្នកតំណាងកម្ពុជានឹងទៅចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង «ICT-Crime 25» ដែលនឹងធ្វើឡើងនៅទីក្រុង St. Petersburg នៅថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន