រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចេញ សេចក្តីថ្លែងការណ៍ អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃការចុះ “បូជនីយដា្ឋនចងចាំនកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” រួមមានទីតាំងឧក្រិដ្ឋកម្មចំនួន៣ គឺអតីតមន្ទីឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ការទទួលស្គាល់ដ៏ធំធេងនេះ មិនត្រឹមតែផ្ដល់កិត្តិយសចំពោះភាពធន់របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់នូវកាតព្វកិច្ចអន្តរជាតិក្នុងការការពារបូជនីយដ្ឋានចងចាំនៃ ប្រវត្តិសាស្ត្រមនុស្សជាតិ។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបូជនីយដ្ឋានចងចាំទាំងនេះ គឺជាការធានាថា រឿងរ៉ាវឧក្រិដ្ឋកម្មរបស់កម្ពុជា នឹងបន្តជម្រុញស្មារតីសន្ទនា ភាពអត់ឱន និងការផ្សះផ្សាក្រោយជម្លោះ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ និងវប្បធម៌គ្រប់ទិសទី ព្រមទាំងបញ្ជាក់ជាថ្មី អំពីឥទ្ធិពលនៃការចងចាំ ដែលនាំមកនូវសន្តិភាព និងការភ្ញាក់រលឹក ដែលនាំសហគមន៍ឱ្យរួបរួមគ្នា។
យើងកោតសសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បុរសរដ្ឋសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូស បញ្ជាក់ពីសារៈសំខាន់ដ៏យូរអង្វែងនៃការចងចាំ សន្តិភាព និងការផ្សះផ្សាជាតិក្នុងការកសាងអនាគត មនុស្សជាតិប្រកបដោយស្ថិរភាពសម្រាប់កម្ពុជា តំបន់ និងពិភពលោក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមជាមួយប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការអបអរសាទរព្រឹត្តិការណ៍ពិភពលោកដ៏សំខាន់នេះ ដែលនឹងពង្រឹងតួនាទីបេតិកភណ្ឌក្នុង ការកសាងស្ពាន និងក្តីសង្ឃឹមរវាងប្រជាជន និងវប្បធម៌ចម្រុះនៅទូទាំងពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន