យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ស្នើឱ្យក្រសួងការពារជាតិធ្វើការ ពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលច្បាប់នេះនឹងធ្វើឱ្យកម្ពុជាមានទ័ពច្រើន ហើយដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៦ខាងមុខ។ថ្លែងក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)” នៅខេត្តកំពង់ឆ្នាំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំចង្អៀតកន្លងមកសម្តេចបវរធិបតីបានស្នើសុំឱ្យមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ត្រូវរៀបចំពិនិត្យដើម្បីឈានដល់ការអនុវត្តនៅឆ្នាំ ២០២៦។
សម្តេចបវរធីបតីបានបញ្ជាក់ថា៖ «ឆ្នាំ ២០២៦ ច្បាប់កាតព្វកិច្ចយោធានឹងត្រូវអនុវត្តន៍ ដែលនេះ ជាការ ប្តេជ្ញាចិត្តរបស់យើងច្បាប់នេះយើងធ្វើតាំងពីឆ្នាំ ២០០៦ អ៊ីចឹងវាមា នរយៈពេល ២០ ឆ្នាំគត់។ ខ្ញុំឱ្យកែច្បាប់នេះឱ្យពិនិត្យចំណុចមួយចំនួនថា ស្របតាមនឹងស្ថានភាពបច្ចុប្បន្ន ឬយ៉ាងណា? ច្បាប់ចាស់ដាក់ឱ្យអនុវត្ត ១៨ខែ ប៉ុន្តែនៅពេលធ្វើការហ្វឹកហ្វាត់ អស់រយៈពេលច្រើនខែអ៊ីចឹងមានពេលណាអនុវត្តន៍ ដូច្នេះខ្ញុំស្នើឱ្យពិនិត្យបន្ថែមដល់២៤ខែ ទើបសមស្រប»។
សម្តេចធិបតីបានអះអាងថា ច្បាប់កាតព្វកិច្ចយោធានេះ នឹងជួយឱ្យកម្ពុជាមានបរិមាណកងទ័ពមានចំនួនច្រើន។ ច្បាប់នេះធ្វើឱ្យមានភាពងាយស្រួលក្នុងការជ្រើសរើសទ័ព មានភាពទូលំទូលាយ ជាងការជ្រើសរើសទ័ពអាជីព។ លើសពីនេះបានបង្កើនប្រសិទ្ធភាពក្នុងការជ្រើសរើសសាច់ទ័ព។ ទ័ពដែលរើសមកត្រូវធ្វើការហ្វឹកហ្វឺនរួចហើយត្រូវបំពេញការងារ»។
សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖ «អ៊ីចឹងច្បាប់នេះយើងនឹងត្រូវអនុវត្តន៍ ហើយទ័ពដែលទើបនឹងចូ លមកថ្មីគឺជាប់កាត្វកិច្ចរយៈពេល២ឆ្នាំ គាត់គឺជាទ័ពកាតព្វកិច្ច»។
សម្តេចបវរធិបតីបានបន្ថែមថា ចំពោះឋានន្តរស័ក្តិគឺមិនត្រូវព្រួយបារម្មណ៍នោះទេ គឺបំពេញ សាច់ទ័ព។ ដូច្នេះយើងមានយោធិនសម្រាប់រយៈពេល២ ឆ្នាំហើយធ្វើការចល័តរហូតរាល់ឆ្នាំ ដូច្នេះចំនួនសាច់ទ័ពពិសេសពលទាហានថ្នាក់ក្រោម គឺមិនខ្វះនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្រសិទ្ធភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចនេះដែរនឹងធ្វើឱ្យជ្រើសរើសកងទ័ពកាន់តែមានប្រសិទ្ធភាព ដោយសារមានហ្វឹកហ្វាត់ បណ្តុះបណ្តាលបានល្អផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន