អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីគម្រោងវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងថាមពល ដែលមានតម្លៃរហូតដល់ ៧០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ តាមផែនការ គឺគម្រោងដែលមានតម្លៃដ៏មហាសាលនេះនឹងលេចរូបរាងឡើងនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ៥ របស់សហរដ្ឋអាមេរិក។
បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងវិនិយោគខាងលើនេះនឹងគ្រប់ដណ្តប់លើកម្មវិធីធំៗមួយចំនួនដូចជា បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យថ្មី ពង្រីកការផលិតថាមពល ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ បង្កើតកម្មវិធីបណ្តុះបណ្តាល AI ផ្តល់ការធ្វើកម្មសិក្សា និងបង្កើតកម្មវិធីសំខាន់ៗមួយចំនួនទៀងផងដែរ។ យ៉ាងណាក្តី សហរដ្ឋអាមេរិកនៅមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេតជាក់លាក់ក្នុងការអនុវត្តនិងបញ្ចប់គម្រោងវិនិយោគខាងលើនេះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time