ARDEX-25 / លំហាត់សមយុទ្ធអាស៊ាន៖ កម្ពុជារៀបចំសមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់សម្រាប់ឆ្នាំ២០២៥

ARDEX-25 / លំហាត់សមយុទ្ធអាស៊ាន៖ កម្ពុជារៀបចំសមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់សម្រាប់ឆ្នាំ២០២៥

​រាជធានីភ្នំពេញ៖ កម្ពុជានឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។

ឯកសារនោះបានឱ្យដឹងថា ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។


ឯកសារដដែលបានបញ្ជាក់ថាលំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បច្ចុ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។

សូមជម្រាបជូនថា លំហាត់សមយុទ្ធនេះ មានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេ ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ជិត៧០០នាក់​៕

administrator

Related Articles