រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្ស ថ្នាក់លេខ៣) ចំនួន៨នាក់ ស្រី១នាក់ សម្រាប់បម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ ។
ក- លក្ខខណ្ឌ នៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើស ត្រូវបំពេញដូចខាងក្រោម៖
១- មានសញ្ជាតិខ្មែរ
២- មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)
៣- បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ បុរសកម្ពស់ ១,៦៧ម៉ែត្រឡើង និងនារីកម្ពស់១,៥៧ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
៤- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស
៥- បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រយ៉ាងទាបបំផុត មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
៦- ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយមិនលើសពី ២៥ ឆ្នាំ។ ការកម្រិតអាយុត្រូវបានរំកិលពី ២៥ ឆ្នាំ ដល់ ៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល និង ៤០ ឆ្នាំ ចំពោះ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ។
៧- មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ
៨- មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ដែលពិនិត្យជាក់ស្តែងឃើញថាមិនសមរម្យ។
ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ ទីកន្លែងផ្តល់ពាក្យ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
ទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។
ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យនៅសាលារាជធានីភ្នំពេញ។
គ- វិញ្ញាសាប្រឡង និងមណ្ឌលប្រឡងវិញ្ញាសាប្រឡង៖ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ (រយៈពេល ២ម៉ោង)មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ (ទីតាំងជាក់ស្តែងនឹងជូនដំណឹងនៅពេលក្រោយ)។
ឃ- ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ(ONLINE)
បេក្ខជនត្រូវបំពេញព័ត៌មានបឋម ក្នុងការស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/gdp/request?recruit=2) ឬស្តែន QR CODE រួចបេក្ខជនម្នាក់ៗត្រូវបោះពុម្ព (Print) បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។
ង- ឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលបេក្ខជនម្នាក់ៗមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
- បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ១ច្បាប់
- សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា ទទួលស្គាល់ជាផ្លូវការ១ច្បាប់
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ច្បាប់
- សៀវភៅស្នាក់នៅនិង/ឬសៀវភៅគ្រួសារ១ច្បាប់ ៕


