សេដ្ឋកិច្ចកម្ពុជា៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ឆមាសទី១ ឆ្នាំ២០២៥ សម្រេចជិត ៣១ពាន់លានដុល្លារ

សេដ្ឋកិច្ចកម្ពុជា៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ឆមាសទី១ ឆ្នាំ២០២៥ សម្រេចជិត ៣១ពាន់លានដុល្លារ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ទំហំនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ឆមាស ទី១ឆ្នាំ២០២៥មានចំនួនជាង ១៤ ពាន់លានដុល្លារអាម៉េរិក ពោលកើនឡើង ប្រមាណជាង ១៦,១ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ខណៈដែល​ទំហំពាណិជ្ជកម្មសរុបកម្ពុជា-អន្តរជាតិ មានចំនួនជាង ៣០,៦៩៧ពាន់ លាន​ដុល្លារអាម៉េរិក។ នេះបើតាម​របាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងលើកទិសដៅការងារក្នុង​ឆមាសទី២ ឆ្នាំ២០២៥កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃ​អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារគឺកើន​ឡើងប្រមាណ ១៦,១ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមាន​កំណើន ២២,១ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែក​អេឡិចត្រូនិកនិងបង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ផលិតផលប្លាស្ទិក, និងផលិតផល​ឧស្សាហកម្ម​ផ្សេង​ទៀត) មានកំណើន ១១,២ភាគរយ, និងកសិផល (មានជាអាទិ៍ ស្រូវ, អង្ករ, ដំឡូង, កៅស៊ូ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ៤,៤ភាគរយ។

ចំណែកទំហំពាណិជ្ជកម្មនាំចូលមានចំនួន ១៦ ២៧៨,៩ លានដុល្លារ កើនឡើង​ប្រមាណ ១៨ភាគរយ ធៀបនឹង​ឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះទំនិញនាំចូល​សំខាន់ៗមានជាអាទិ៍ ផលិតផលវាយនភណ្ឌជាវត្ថុធាតុដើម​និង​គ្រឿងម៉ាស៊ីនបម្រើ​ដល់គម្រោងវិនិយោគ, ផលិតផលតេលសិលា, គ្រឿងសំណង់, យានយន្តនិង​គ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

តាមរបាយការណ៍បង្ហាញលទ្ធផលនៃការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ១ ០២៣,៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២៥២,៨ លានដុល្លា​រអាម៉េរិក) ថយចុះប្រមាណ ៧,១ភាគរយ ប្រៀបធៀប​នឹងចំណូលខែឧសភា ឆ្នាំ២០២៥ និងកើនឡើង ១៤,៤ភាគរយ បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២៤។

សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធនិងអាករ សម្រេចបាន ៦ ០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ៤៧៨,២ ដុល្លារអាម៉េរិក) មានកំណើនចំនួន ១ ០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១ភាគរយ ប្រៀបធៀបនឹង​ចំណូល​ក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំណូលដែលសម្រចបាននេះត្រូវជាប្រមាណ ៥៨,៦ភាគរយ នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤០,៧ភាគរយ, អាករពិសេសមានប្រមាណ ៣៥,១ភាគរយ, ពន្ធគយមានប្រមាណ ១៥,៨ភាគរយ, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាតមានប្រមាណ ៣,៩ភាគរយ និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,៤ភាគរយ។ ចំពោះសមាសភាគនៃចំណូល​តាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២ភាគរយ, ក្រុមទំនិញចម្រុះមាន​ប្រមាណ ៣២,២ភាគរយ, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧ភាគរយ, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩ភាគរយ។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ១៦ ២៧៨,៩ លានដុល្លារកើនឡើងប្រមាណ ១៨ភាគរយ ធៀបនឹង​ឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗ​មានជាអាទិ៍ ផលិតផលវាយនភណ្ឌជាវត្ថុធាតុដើមនិង​គ្រឿងម៉ាស៊ីនបម្រើដល់​គម្រោងវិនិយោគ, ផលិតផលតេលសិលា, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារ កើនឡើងប្រមាណ ១៦,១ភាគរយ ធៀបនឹងឆមាស​ទី១ ឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ២២,១ភាគរយ, ផលិតផលវិនិយោគ​មិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិកនិងបង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ផលិតផលប្លាស្ទិក, និងផលិតផលឧស្សាហកម្ម​ផ្សេងទៀត) មានកំណើន ១១,២ភាគរយ, និងកសិផល (មានជាអាទិ៍ ស្រូវ, អង្ករ, ដំឡូង, កៅស៊ូ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ៤,៤​ភាគរយ។

បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរ​លើការងារសំខាន់ៗផ្សេងទៀត ​ដូចជា ការកែលម្អនិងធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ការងារស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ, ការងារសវនកម្ម និងការ​គ្រប់គ្រងហានិភ័យ, កិច្ចសហការជាមួយផ្នែកឯកជន, កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, និងការអភិវឌ្ឍ​ធនធានមនុស្ស និងស្ថាប័ន។

សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ដាក់ចេញនូវទិសដៅការងារសម្រាប់​អនុវត្តមួយចំនួនមានជាអាទិ៍ ការបន្តអនុវត្ត​ផែនការសកម្មភាពឆ្នាំ២០២៥ របស់ អគរ ឱ្យបានជោគជ័យ, ការបន្ត​ពង្រឹង និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់កិច្ចប្រតិបត្តិការគយ, ការសហការជាមួយ​ផ្នែកឯកជនដើម្បី​ដោះស្រាយ​បញ្ហា និងជំរុញលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធ​គ្រប់មុខ​សញ្ញា, ការកសាងនិង​អភិវឌ្ឍស្ថាប័ន, និងការចូលរួមអនុវត្តឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយនានា​របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួននិងពេញលេញ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles