បង្រ្កាបឆបោកអនឡាញ៖ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ២៧១នាក់ នៅបន្ទាយមានជ័យ ក្នុងប្រតិបត្តិការធំទូលាយ!

បង្រ្កាបឆបោកអនឡាញ៖ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ២៧១នាក់ នៅបន្ទាយមានជ័យ ក្នុងប្រតិបត្តិការធំទូលាយ!

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារកម្ពស់៣ជាន់មួយកន្លែង ស្ថិតនៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ២៧១នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៥នាក់។ វត្ថុតាងដែលសមត្ថកិច្ចបានប្រមូលមករក្សាទុក រួមមាន កុំព្យូទ័រចំនួន ៣៤១គ្រឿង និងទូរសព្ទដៃចំនួន ៣៥២គ្រឿង។

បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ី និងសម្ភារៈវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ប្រភព៖ ក្រសួងព៍ត៌មាន

administrator

Related Articles