ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះKa Green ដែលបានថតក្បួនរថយន្តប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

