ទីក្រុងហ្សាកាតា ៖ លោក Chang Jung-lin អតីតម្ចាស់ជើងឯកកីឡាប៊ីយ៉ាពិភពលោកដ៏ល្បីមកពីកោះតៃវ៉ាន់ ត្រូវបានប្រកាសថាស្លាប់ក្នុងបន្ទប់សណ្ឋាគារយ៉ាងភ្ញាក់ផ្អើលក្នុងវ័យ៤០ឆ្នាំ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលកំពុងចូលរួមប្រកួតព្រឹត្តិការណ៍ Indonesia Open ឆ្នាំ២០២៥ ប្រទេសឥណ្ឌូណេស៊ី ។ នេះបើយោងតាមការប្រកាសពីប្រធានសមាគមកីឡាប៊ីយ៉ាតៃប៉ិ លោក Chao Fong-pong។
លោក Chang បានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Tommy នៅក្នុងលទ្ធផល ២-០ ក្នុងជុំទី ៣២ នៅម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) មុនពេលវិលត្រឡប់ទៅបន្ទប់សណ្ឋាគារគាត់វិញដើម្បីសម្រាក មុនពេលបន្តការប្រកួតជុំទី ១៦ ដោយត្រូវជួបកីឡាករ Yoni Rachmanto នៅម៉ោង៤រសៀល ថ្ងៃដដែល។ ប៉ុន្តែសមាជិកម្នាក់នៃក្រុមរៀបចំការប្រកួតបានអះអាងថា លោក Chang លែងដឹងខ្លួនក្នុងបន្ទប់សណ្ឋាគាររបស់គាត់។ របាយការណ៍ដំបូងបង្ហាញថា គាត់បានរងរបួសដាច់សរសៃឈាមខួរក្បាលទំនងដោយសារតែការគាំងបេះដូង។
ព្រឹត្តិការណ៍ Indonesia Open ឆ្នាំ២០២៥ គឺជាផ្នែកមួយនៃសហព័ន្ធកីឡាប៊ីយ៉ាពិភពលោក WPA ហើយសហព័ន្ធបានបញ្ជាក់ពីដំណឹងមរណភាពរបស់ Chang នៅម៉ោង៩យប់ ដោយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងអ្នកគាំទ្ររបស់គាត់។ ជាមួយគ្នានោះ WPA បានកោតសរសើរលោក Chang ថាជាកីឡាករគំរូ១រូបជាមួយនឹងភាពស្ងប់ស្ងាត់ និងសេចក្តីថ្លៃថ្នូរ ហើយបានហៅលោកថាជាវីរៈបុរសម្នាក់ សម្រាប់អ្នកលេងកីឡាប៊ីយ៉ាតៃវ៉ាន់ ហើយក៏ជានិមិត្តរូប ក៏ដូចជាការលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយ និងជាឯកអគ្គរដ្ឋទូតពិតប្រាកដនៃកីឡា។ កីឡាប៊ីយ៉ាបានបាត់បង់វីរបុរស១រូប ប៉ុន្តែស្មារតី ភាពស្និទ្ធស្នាលផ្នែកកីឡា និងការរួមចំណែកក្នុងវិស័យកីឡារបស់គាត់ នឹងមិនត្រូវបានបំភ្លេចឡើយ។
គួររំលឹកថា លោក Chang បានចាប់ផ្តើមអាជីពជាកីឡាករប៊ីយ៉ានៅឆ្នាំ២០០០ ដោយបានបង្កើតភាពល្បីល្បាញយ៉ាងឆាប់រហ័ស។
គាត់ក្លាយជាជើងឯករងការប្រកួត World Junior 9-Ball Pool Championships ឆ្នាំ២០០១ និង២០០៣ ហើយបានឈានដល់ជុំទី 16 ព្រឹត្តិការណ៍ World 9-Ball Pool Championships ឆ្នាំ២០០៥ ។ កម្រិតកំពូលនៃអាជីពរបស់លោក Chang បានមកជាមួយនឹងការទទួលបានជ័យជម្នះក្នុងការប្រកួត WPA World 8-Ball Championship ឆ្នាំ២០១២ និងពានរង្វាន់ WPA World Team Championship ឆ្នាំ២០១៣។ គាត់ក៏បានឈ្នះមេដាយប្រាក់ 9-Ball ព្រឹត្តិការណ៍ World Games ឆ្នាំ២០១៣ និង Asian 10-Ball Championship ឆ្នាំមុន។
ជាមួយសមិទ្ធផលនេះ ទើបលោក Chang ត្រូវបានគេចាត់ទុកថា អ្នកត្រួសត្រាយផ្លូវកីឡាប៊ីយ៉ាតៃវ៉ាន់ដែលបំផុសគំនិតដល់កីឡាករល្បីជំនាន់ក្រោយដូចជា លោក Wu Chia-ching, Ko Pin-yi និង Ko Ping-chung៕ ប្រភព ៖ VnExpress

