រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ១គូមានអាយុដំណាលគ្នា ខណៈកំពុងជិះម៉ូតូ១គ្រឿងត្រឡប់មកពីធ្វើប្លង់ដីនៅឯភ្នំប្រសិទ្ធទៅផ្ទះនៅឯខេត្តតាកែវវិញជាអកុសល ស្រាប់តែមានរថយន្ត១គ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់លឿនដូចហោះ បុកពីក្រោយយ៉ាងពេញទំហឹងរួចកិនអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យបុរសជាប្ដីស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធរបួសធ្ងន់បាក់ភ្លៅម្ខាង និងត្រូវបានក្រុមសង្គ្រោះអង្គភាព ៧១១ ដឹកយកកាន់មន្ទីរពេទ្យព្រះកុសុមៈ ដោយឡែកបុរសជនជាតិចិនក៏ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃព្រឺងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះ បុរសជាប្ដីឈ្មោះ ប៉េង បុរី អាយុ២១ឆ្នាំ ជាអាចារ្យវត្ត ដែលអ្នកស្រុកតែងតែហៅគាត់ថាលោកអាចារ្យវ័យក្មេង រីឯស្ត្រីជាប្រពន្ធឈ្មោះលួន សេរីរ័ត្ន អាយុ២២ឆ្នាំ មុខរបរកសិករ ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ-1836 ។ ដោយឡែករថយន្តម៉ាកឡិចស៊ីសRX300 ពណ៍ស ពាក់ស្លាកលេខ តាកែវ2C-6968 បើកបរដោយបុរសជានជាតិចិនម្នាក់ឈ្មោះXU QINLEI អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE83371642 ។
នគរបាលបានប្រាប់ឲ្យដឹងអំពីហេតុការណ៍ដែលបានកើតឡើងផងដែរថា ទាំងម៉ូតូនិងរថយន្តបានបើកបរធ្វើដំណើរស្របគ្នាតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ដោយនៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះបានជិះម៉ូតូឌុបគ្នា ត្រលប់មកពីធ្វើប្លង់ដីនៅឯភ្នំប្រសិទ្ធឆ្ពោះទៅផ្ទះរបស់គាត់នៅខេត្តតាកែវវិញ ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ បានគេចពីម៉ូតូដឹកបន្លែ១គ្រឿងនៅខាងមុខ ហើយស្របពេលនោះដែរ រថយន្តម៉ាកឡិចសុិសRX-300 ដែលបើកបរដោយបុរសជនជាតិចិនខាងលើបានទៅដល់ល្មម ហើយក៏បុកពីក្រោយម៉ូតូពេញទំហឹង តែម្ដង ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះម៉ូតូជនរងគ្រោះបានដួល ហើយរថយន្តបានកិនអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យ បុរសជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្ត្រីប្រពន្ធរបួសធ្ងន់បាក់ភ្លៅម្ខាង បន្ទាប់មកអ្នកបើកបររថយន្តខាងលើក៏ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួន ។
ក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកយកស្ត្រីជាប្រពន្ធទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ រីឯសាកសពបុរសជាប្ដីត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំចាត់ការតាមនិតិវិធីច្បាប់ ៕











