ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃថៃជាច្រើនអង្គ និងគំរាមទារប្រាក់ពីក្រុមព្រះសង្ឃទាំងនោះបានជាង ១០លានដុល្លារ ត្រូវបានប៉ូលិសថៃចាប់ខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា។ សូមបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះពិតថា Wilawan Emsawa មានអាយុ ៣៥ឆ្នាំ ខណៈរូបគាត់ត្រូវបានគេដាក់រហស្សនាមឱ្យថា “Ms Golf”។
បើតាមការិយាល័យប៉ូលិសថៃបានរកឃើញថា ចាប់តាំងពីអំឡុងឆ្នាំ ២០១៧មក អ្នកនាង Wilawan Emsawa បានផ្តើមបង្កើតទំនាក់ទំនាងស្នេហ៍ជាមួយព្រះសង្ឃល្បីៗជាច្រើនអង្គនៅក្នុងប្រទេសថៃ សរុបមកទល់នឹងពេលនេះមានចំនួន ១៥អង្គ ហើយនៅក្នុងទំនាក់ទំនងស្នេហានោះគឺបានឈានដល់ការរួមភេទជាមួយគ្នាទៀតផង។ អ្វីដែលជារឿងមិននឹកស្មានដល់នោះ គឺរាល់ពេលរួមភេទជាមួយព្រះសង្ឃគ្រប់អង្គ អ្នកនាង Wilawan Emsawa តែងថតទាំងជារូបភាព និងវីដេអូទុកជានិច្ច ហើយរូបភាពនិងវីដេអូនៃសកម្មភាពរួមភេទទាងនោះគឺមានសរុបរហូតដល់ជាង ៨០,០០០ សន្លឹក/វីដេអូ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺអ្នកនាង Wilawan Emsawa តែងគំរាមទារប្រាក់ ឬយកទ្រព្យសម្បត្តិផ្សេងៗពីក្រុមព្រះសង្ឃទាំងអស់នេះ ជាថ្នូរនឹងការមិនបង្ហាញ រូបភាពឬវីដេអូទាំងអស់នេះជាសាធារណៈ។ បើតាមភស្តុងតាងដែលប៉ូលិសថៃបានរកឃើញបានបង្ហាញថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ អ្នកនាង Wilawan Emsawa បានគំរាមទារប្រាក់ពីក្រុមព្រះសង្ឃបានចំនួនសរុប ៣៨៥លានបាត (១១,៩ លានដុល្លារ)៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC