ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤” និងពិធីអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ។
សូមបញ្ជាក់ថា “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤” ដែលប្រារព្ធពិធីផ្សព្វផ្សាយនាឱកាសនេះ ត្រូវបានអនុម័តជាផ្លូវការដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍បានលម្អិតពីវឌ្ឍនភាពលើកំណែទម្រង់វិស័យជាអាទិភាព រួមមានការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែលម្អបទប្បញ្ញត្តិពាក់ពន្ធនឹងវិស័យគយ និងរដ្ឋាករ។
ជាលទ្ធផល មានបញ្ហាសរុបចំនួន១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន៧៩ ស្មើនឹងប្រមាណ៦៩% ត្រូវបានដោះស្រាយ រីឯបញ្ហាចំនួន៣៦ ស្មើនឹងប្រមាណ៣១% កំពុងត្រូវបានបន្តដោះស្រាយ។ នៅក្នុងរបាយការណ៍ ក៏បានផ្តល់នូវទិដ្ឋភាពទូទៅនៃសកម្មភាពនានារបស់ក្រសួង ស្ថាប័ន និងក្រុមការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ហើយបានគូសបញ្ជាក់ពីជំហានឆ្ពោះទៅកាន់កិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ ខាងមុខ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំនួនគម្រោងវិនិយោគដែល ក.អ.ក. បានអនុម័តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីសញ្ញាណវិជ្ជមានឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងបំណាច់ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមបានបន្ថែមថា កំណើនចំនួនគម្រោងវិនិយោគបានស្តែងឱ្យឃើញពីគុណសម្បត្តិនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងការអនុវត្តឌីជីថលូបនីយកម្ម ក្នុងដំណើរការត្រួតពិនិត្យ និងអនុម័តគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមរយៈប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងបង្កើនភាពច្បាស់លាស់ក្នុងជំហាននីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចជាពិសេសអំពីមុខងារថ្មីនៅក្នុងប្រព័ន្ធ នោះគឺ ការប្រថាប់ត្រាអេឡិចត្រូនិក (e-Stamp) និងការចុះហត្ថលេខាអេឡិចត្រូនិក (e-Signature) ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំអាចធ្វើការចុះហត្ថលេខាអនុម័ត និងប្រថាប់ត្រាបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈមុខងារថ្មីទាំងនេះ។
គួររំលឹកដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយ ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ យន្តការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីផ្នែករាជរដ្ឋាភិបាលសំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ប្រកបដោយតម្លាភាព រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន៕រក្សាសិទ្ធដោយ៖សុទ្ធលី















