កិច្ចសហប្រតិបត្តិការពហុភាគី: កម្ពុជា-បារាំង ប្តេជ្ញាចិត្តរួម ពង្រឹងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី

កិច្ចសហប្រតិបត្តិការពហុភាគី: កម្ពុជា-បារាំង ប្តេជ្ញាចិត្តរួម ពង្រឹងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហ- ប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។


ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿង ឥស្សរិយយស «សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តម Jacques Pellet ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីនាពេលថ្មីៗនេះ ក្នុងនោះ រួមមានការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហ- ប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ដែលក្នុងឱកាសនោះ កម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) និងបានគាំទ
សេចក្តីប្រកាសទីក្រុងនីស។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះរបស់ឯកឧត្ដម Pellet ក្នុងការ សម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិរបស់ឯកឧត្តម ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជារបស់មន្ត្រីជាន់ខ្ពស់បារាំងនាពេលខាងមុខផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅ រកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង
ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបានគោលបំណងនេះ នៅឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបន្តផ្ដល់ការគាំទ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីចម្បងរបស់ប្រទេសបារាំងក្នុងឋានៈជាសហប្រធាននៃគណៈ- កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor) ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងការគាំទ្ររបស់បារាំងក្នុងវិស័យអប់រំ តាមរយៈអាហារូបករណ៍ និងការ បណ្តុះបណ្តាល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជា ប្រភពភ្ញៀវទេសចរច្រើនឈានមុខគេក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈ សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ ឯកឧត្តម Jacques Pellet បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ច សហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles