ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យនានា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត Park ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាន វាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ច ផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ និងបានលើកឡើងអំពីលទ្ធភាពក្នុងការលើកកម្ពស់ទំនាក់ទំនងមួយកម្រិតទៀតទៅជាភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្ដូរកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចនៅកម្ពុជារបស់ប្រធាន រដ្ឋសភានៃសា.កូរ៉េ Kim Jin-pyo នៅខែកញ្ញា ឆ្នាំ២០២៣ ការអញ្ជើញចូលរួមរបស់សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា នៅក្នុងវេទិកាចំណេះដឹងពិភពលោកនៅសា.កូរ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២៤ និងការអញ្ជើញចូល រួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ នៃសហព័ន្ធសន្តិភាពសកល នៅសា.កូរ៉េ ក្នុងខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឯកអគ្គរដ្ឋទូត Park បាន សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អចំពោះឯកឧត្តម និងស្ថានទូត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋកូរ៉េ លើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ ទេសចរណ៍និងការងារ។
ឯកឧត្តមបានកោតសរសើរចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងការអភិវឌ្ឍ
សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការដែលកំពុងបន្តមកដល់បច្ចុប្បន្ន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការពេញចិត្តចំពោះការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនដែលកាន់តែរឹងមាំ និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានយក ចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពលករ និស្សិត និងសិក្ខាកាមកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



