បង្ក្រាបផលិតផលក្លែងក្លាយ៖ សមត្ថកិច្ចចុះឆ្មក់ហាងលក់សម្លៀកបំពាក់ H Collection ៣សាខា នៅភ្នំពេញ ដកហូតសម្លៀកបំពាក់ HUGO BOSS ក្លែងក្លាយជិត ២ពាន់អាវ និងសំភារៈជាច្រើនទៀត។

បង្ក្រាបផលិតផលក្លែងក្លាយ៖ សមត្ថកិច្ចចុះឆ្មក់ហាងលក់សម្លៀកបំពាក់ H Collection ៣សាខា នៅភ្នំពេញ ដកហូតសម្លៀកបំពាក់ HUGO BOSS ក្លែងក្លាយជិត ២ពាន់អាវ និងសំភារៈជាច្រើនទៀត។

(រាជធានីភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់មួយកន្លែង ពាក់ព័ន្ធករណីតាំងលក់ ផលិតផលប្រែនក្លែងក្លាយមួយប្រភេទ។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ទាំង ៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីតាំងលក់សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ ក្រុមហ៊ុន HUGO BOSS AG យោងតាមបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O ។

ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន៖ អាវចំនួន ១៨៤៣អាវ មួកចំនួន ១២មួក ស្បែកជើងចំនួន ១៣២គូ ខោចំនួន ២០ខោ និង ខោក្នុងបុរសចំនួន ១៨ខោ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងរួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយបញ្ឈប់ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវផលិតផលក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

administrator

Related Articles