(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការចុះបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំងបន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14 ។
សូមជម្រាបថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» រួមមាន៖ ទីតាំងឧក្រិដ្ឋកម្ម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន៣ រួមមាន៖ អតីត មន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួល ស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) ។
តើរឿងរ៉ាវនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាទាំងបីនេះ មានយ៉ាងដូចម្តេចខ្លះ? សូមជូនជាសង្ខេបដូចតទៅ៖
១.អតីត មន្ទីរឃុំឃាំងម-១៣
ប្រភពមជ្ឈមណ្ឌលឯកសារកម្ពុជាដែលធ្វើការស្រាវជ្រាវលើឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្ហាញថា អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ) ជាមន្ទីរសន្តិសុខមួយ ត្រូវខ្មែរក្រហម បង្កើតឡើងនៅឆ្នាំ១៩៧១ ដោយឳ្យឈ្មោះថាមន្ទីរសន្តិសុខភូមិភាគពិសេស។
ដំបូងឡើយ មន្ទីរសន្តិសុខនេះមានទីតាំងនៅថ្មយោង ដែលពេលនោះមានឈ្មោះថា “មន្ទីរសម្ងាត់ថ្មយោង”។ ថ្មយោង ជាទីកន្លែងមួយស្ថិតនៅក្នុងព្រៃជ្រៅនៃទឹកដីស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រោយមកទៀត មន្ទីរនេះ បានផ្លាស់មកកាន់ទីតាំងត្រពាំងច្រាប ស្ថិតនៅក្នុងទឹកដីភូមិថ្មតុប ឃុំអមលាំង ស្រុកថ្ពងវិញ បន្ទាប់ពីអ្នកទោសបះបោរប្រឆាំងនឹងកងការពារយ៉ាងចាស់ដៃរួចមក។ មន្ទីរភូមិភាគពិសេសដែលមានឈ្មោះមួយទៀតថា “មន្ទីរសម្ងាត់ថ្មយោង” បានផ្លាស់ប្តូរឈ្មោះទៅជា “មន្ទីរសន្តិសុខ ម-១៣” ឬហៅថា “មន្ទីរ ម-១៣” វិញ។ ការផ្លាស់ប្តូរនេះ គឺស្ថិតនៅក្នុងអំឡុងឆ្នាំ១៩៧២។ កាំង ហ្គិចអៀវ ហៅ ឌុច គឺជាអ្នកគ្រប់គ្រងមន្ទីរតាំងពីដំបូងមកម៉្លេះ រួមជាមួយកម្មាភិបាលជាសមាជិក និងកងការពារមួយចំនួនទៀត។ ការគ្រប់គ្រងមន្ទីរនៅពេលនោះ មានការប្រយត្ន័ប្រយែងបំផុត ដោយសារជុំវិញមន្ទីរខ្មែរក្រហមបានសាងសង់របងយ៉ាងខ្ពស់ (ពីកំពស់ពី៥ ទៅ៦ម៉ែត្រ) ដែលធ្វើឡើងពីឫស្សីកិន និងឈើក្រាក់។
ក្នុងនោះមានផ្ទះលើសពីបួនសម្រាប់ធ្វើជាទីស្នាក់អាស្រ័យរបស់កម្មាភិបាលដឹកនាំមន្ទីរផង កន្លែងសួរចម្លើយផង និងមន្ទីរមួយទៀតសម្រាប់កងការពារស្នាក់នៅ។ រណ្តៅជាច្រើនត្រូវបានខ្មែរក្រហមជីកសម្រាប់ឃុំឃាំងអ្នកទោស ហើយមានរណ្តៅមួយគត់ ដែលមានទំហំធំជាងគេក្នុងចំណោមរណ្តៅទាំងនោះ សម្រាប់ប្រើជាកន្លែងឃុំឃាំងអ្នកទោស ដែលទើបបញ្ជូនមកថ្មី ។ ការបញ្ជាឳ្យជីករណ្តៅសម្រាប់ឃុំឃាំងអ្នកទោសនេះ គឺក្នុងបំណងបិទបាំងពីការឃ្លាំមើលរបស់កងទ័ពអាកាសអាម៉េរិក ដែលតែងតែហោះឈ្លបយកការណ៍ជាប្រចាំ ។
២.សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (ស-២១) អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហម ជម្លៀសប្រជាជនទាំងអស់ចេញ កាលពី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
មន្ទីរ ស ២១ ជាមណ្ឌលកណ្តាលដ៏ធំមួយ នៃប្រព័ន្ធគុក នៅទូទាំងប្រទេស ហើយគុកនេះ ក៏ជាកន្លែងសម្ងាត់សម្រាប់ ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថា ជា “អ្នកទោសនយោបាយ” របស់របបនេះ ។ ខ្មែរក្រហម ចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ ។ អ្នកទោសមួយចំនួនតូច ត្រូវខ្មែរក្រហម ដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរ ស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះ មានតែជនរងគ្រោះ ១២នាក់តែប៉ុណ្ណោះ ដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ ១២នាក់ មានកុមារ ៤នាក់។
មន្ទីរឃុំឃាំង ស-២១ មានបុគ្គលិកបម្រើការផ្ទាល់ និងប្រយោលប្រមាណ ១.៧២០នាក់ ។ បុគ្គលិកភាគច្រើន ជា កម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯ បុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស ។
៣.មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក
មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ នាប៉ែកនិរតីនៃរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងប្រវត្តិសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចង់ទៅទស្សនាផ្ទាល់នូវកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។
ប្រភពឯកសារបង្ហាញថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម តំបន់វាលពិឃាតនេះ ជាកន្លែងទទួលសម្លាប់មនុស្ស ដែលត្រូវបញ្ជូនមកពីទួលស្លែង ឬមន្ទីរ ស២១ ហើយក៏ជាកន្លែងសម្រេចផែនការសម្លាប់មនុស្ស ដែលពួកខ្មែរក្រហមចោទថា ខ្មាំងប្រឆាំងនឹងអង្គការ ។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក មានទំហំប្រមាណជាង ២ហិកតា ត្រូវពួកខ្មែរក្រហម ហ៊ុមព័ទ្ធដោយរបងស័ង្កសី និងបន្លាលួសកម្ពស់ផុតក្បាល ជាកន្លែងសម្រាប់ពិឃាតមនុស្ស ដែលជាអ្នកទោសយកមកពីគុកទួលស្លែង ដែលគ្រប់គ្រងដោយមេគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ដោយមិនឳ្យអ្នកណាម្នាក់ទៅជិតឡើយ។ ទីពិឃាតមនុស្សនេះ ស្ថិតនៅជាអាថ៌កំបាំងពីឆ្នាំ១៩៧៥ ដល់១៩៧៩ ប៉ុន្តែជាញឹកញាប់តែងតែឮបទចម្រៀងបដិវត្តន៍ចាក់តាមមីក្រូ ចេញពីកន្លែងពិឃាតមនុស្សនេះ ដើម្បីបន្លប់កុំឱ្យឮសំឡេងស្រែកថ្ងូរឈឺចាប់របស់អ្នកទោស ដែលគេធ្វើទារុណកម្ម និងវាយសម្លាប់ក្នុងបរិវេណនោះ ។
ក្រោយថ្ងៃរំដោះ ៧មករា ទើបដឹងថា នៅក្នុងបរិវេណខាងលើនេះ ជាកន្លែងពិឃាតមនុស្ស ហើយនៅពេលកាយសាកសពចេញពីរណ្តៅ ឃើញមានដំបង គល់ឫស្សី បំពង់ទីប ត្បូងចប ស្នាមឈាមប្រឡាក់ត្បូងចប ដំបង ហើយរណ្តៅកប់សាកសពខ្លះស្រុត ខ្លះភុលឡើង រណ្តៅខ្លះមិនទាន់កប់សព។ សាកសពខ្លះត្រូវរុំមុខ ចងស្លាបសេកដៃ ស្អុយពាសពេញរណ្តៅ ហើយនៅក្នុងបរិវេណនេះ មានគុកមួយផងដែរ។ ជនរងគ្រោះស្លាប់នៅទីនេះ គឺភាគច្រើនជាអ្នកចេះដឹង ហើយការធ្វើឃាតនេះ ច្រើនឆក់ខ្សែភ្លើង ថ្នាំពុល វាយនឹងត្បូងចប គល់ឫស្សី។ល។
បើតាមឯកសារ បានឳ្យដឹងថា ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅជើងឯក មានចំនួនប្រមាណជិត២ម៉ឺននាក់។ ឯកសាររបស់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សនៅក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ តំបន់ជើងឯកនេះ ត្រូវបានរកឃើញរណ្តៅសាកសពប្រមាណ១២៩រណ្តៅ ដែលត្រូវជីកកាយតាមមាត់ស្រះ ស្ថិតប្របនឹងមាត់បឹងជើងឯកនៅឆ្នាំ១៩៨០។ ប៉ុន្តែកាលនោះ គាស់កកាយបានត្រឹមតែ៨៦រណ្តៅប៉ុណ្ណោះ ដែលមានសាកសពចំនួនប្រមាណ៨៩៨៥នាក់។ ក្នុងនោះដែរ ឃើញមានរណ្តៅកប់សាកសពរួមធំមួយ ដែលមានចំនួន៤៥០នាក់។ ក្រៅពីនោះ មានរណ្តៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន ១០០នាក់ ស្ថិតនៅជាប់នឹងដើមអម្ពិលបារាំង ឬដើមចន្ទគិរី ប៉ែកខាងក្រោយមណ្ឌលពិឃាតមនុស្ស បឹងជើងឯក ដែលសាកសពក្មេងៗទាំងនោះ ត្រូវពេជ្ឈឃាតសម្លាប់ដោយបោកនឹងគល់ឈើ។
រណ្តៅសាកសពមួយទៀតមានចំនួន ១៦៦នាក់ ដែលសាកសពទាំងនោះសុទ្ធតែ ពុំមានក្បាល។ នៅទីនោះ ឃើញមានគុកងងឹតមួយ សង់ពីឈើប្រក់ស័ង្កសី មាន២ជាន់ សម្រាប់ឃុំអ្នកទោស ដែលយកមកពីគុកទួលស្លែង មុនពេលពេជ្ឈឃាតសម្លាប់។ ក្រៅពីនោះ មានរោងដាក់សារធាតុពុល សម្រាប់បញ្ចប់ជីវិតចុងក្រោយរបស់អ្នកទោស និងសម្រាប់ស្រោចទៅលើសាកសព កុំឲ្យសាយក្លិនស្អុយចេញទៅក្រៅ។ ឆ្នាំ១៩៨៩ ជើងឯក បានប្រែក្លាយជាមជ្ឈមណ្ឌលជាតិ សម្រាប់ថែរក្សាទុកភ័ស្តុតាង នៃអំពើកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌របស់ខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។
លលាដ៍ក្បាលប្រមាណ ៥ពាន់ ដែលត្រូវបានតម្កល់នៅស្តូបកម្ពស់ប្រហែល ៣០ម៉ែត្រ ទទឹងប្រហែល ២០ម៉ែត្រ ត្រូវបានចាក់កំដរដោយបទភ្លេងខ្មែរយ៉ាងស្រងេះស្រងោចជាប្រចាំ ។ នៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនោះ ក៏មានសាលពិព័រណ៍មួយ ដាក់តាំងរូបថតមេគុកទួលស្លែង កាំង ហ្គេចអ៊ាវ សម្លៀកបំពាក់ពួកខ្មែរក្រហម ឧបករណ៍ធ្វើទារុណកម្ម និងសម្លាប់មនុស្ស និងសាលភាពយន្ត សម្រាប់បញ្ចាំងភាពយន្តឯកសារ ស្តីអំពីរបបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។ល។ ជូនភ្ញៀវទស្សនា៕
ប្រភព៖ ក្រសួងព័ត៌មាន