ខេត្តត្បូងឃ្មុំ: ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីក្នុងវិធានការបង្ក្រាបល្បែងស៊ីសងនិងអំពើឈរបោកតាមអនឡាញ(online scams) ។ឯកឧត្តមប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងនគរបាលអាវុធហត្ថព្រមទាំងជំនាញមូលដ្ឋានបានចុះបង្ក្រាបទីតាំងដែលគេសង្ស័យជាកន្លែងឆបោកក្នុងនោះមាននៅSamart-GMG នៅច្រកត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមនិងមួយកន្លែងទៀតនៅអន្លង់ជ្រៃ ក្នុងឃុំកក់ស្រុកពញាក្រែក។ សូមបញ្ជាក់ថាក្នុងប្រតិបត្តិការចុះបង្ក្រាបនេះត្រូវបានរកឃើញមនុស្សប្រុសស្រីមានរហូតទៅដល់ចំនួន៤៤៩នាក់ គិតរហូតមកដល់ថ្ងៃទី ១៩កក្កដា ជំនាញសមត្ថកិច្ចនៅតែបន្តសួរនាំមនុស្សទាំងនោះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា: ក្រោយពីធ្វើការស្រាវជ្រាវតាមដានកន្លែងទីតាំងល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយកម្លាំងសមត្ថកិច្ចចម្រុះបានសង្ស័យគោលដៅពីរកន្លែងខាងលើក្នុងនោះនៅច្រកត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាមជារបស់ឧកញ៉ាម្នាក់ ដែលត្រូវបានជួលឲ្យទៅជនបរទេសបើកអាជីវកម្មសាម៉ាត និងមួយកន្លែងទៀតនៅអន្លង់ជ្រៃ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ជាប់ព្រំដែនប្រទេសវៀតណាម។ ក្រោយពីស៊ើបអង្កេតច្បាស់ហើយត្រូវបានឯកឧត្តមអភិបាលខេត្តដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការនេះ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាចំពោះកម្លាំងដៃចូលប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញ ដែលជាកន្លែងឆបោកគឺមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយនោះពេលដែលឃើញកម្លាំងសមត្ថកិច្ចនៅក្រៅរបងដូចជាទីតាំងនៅអន្លង់ជ្រៃគេបានឃើញមនុស្សជាច្រើនអ្នកលួចថ្លោះរបងរត់ចេញដោយសង្ស័យជនជាតិចិនដើម្បីគិតខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ ដោយឡែកនៅច្រកត្រពាំងផ្លុង រហូតមកដល់ព្រឹកថ្ងៃទី១៩ កក្កដា គេមិនទាន់ដឹងថាមានចម្រុះជាតិសាសន៍ប៉ុន្មាននាក់នៅឡើយដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ។
មហាជនមានការងឿងឆ្ងល់ទីតាំងទាំងពីរកន្លែងនេះបានលួចបើកអនឡាញឆបោក អ្នកនៅពីក្រោយខ្នងមិនមែនជាមនុស្សធម្មតានោះទេអាចសុទ្ធតែគ្រាក់ៗទៀតផង។ ពេលណាទទួលបានព័ត៌មានច្បាស់នោះក្រុមការងារនិងតាមដានយកមកផ្សាយជូនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីបានដឹងគ្រប់ៗគ្នា ។
ប្រភពចុងក្រោយពីសមត្ថកិច្ចបានកយដឹងថាទីតាំងដែលត្រូវចុះបង្ក្រាបទាំងពីរកន្លែងគឺត្រពាំងផ្លុងនិងអន្លង់ជ្រៃគិតរហូតមកដល់រសៀលថ្ងៃទី១៩កក្កដា ឆ្នាំ ២០២៥ រកឃើញមនុស្សក្នុងនោះមានចំនួន៤៤៩នាក់ មានជនជាតិវៀតណាម ៣៧៦នាក់ ស្រី១៣១នាក់ ខ្មែរ៧៣នាក់ ស្រី២០នាក់ កម្លាំងសមត្ថកិច្ចចម្រុះកំពុងតែធ្វើការឡោមព័ទ្ធទីតាំងឆបោកតាមអនឡាញទាំងពីរកន្លែងកំពុងតែធ្វើការសួរនាំ ក្នុងប្រតិបត្តិការនេះគឺមានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















