ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅបានឱ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញរបាយការណ៍ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ដែលបានធ្វើឡើងទូទាំងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាស គណៈកម្មការចំពោះកិច្ចនេះបានរៀបចំកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងការបង្កើនការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាលទ្ធផល គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានធ្វើប្រតិបត្តិការចុះបង្ក្រាបសរុបចំនួន ២០ទីតាំង នៅក្នុងភូមិសាស្ត្រ ៧ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១.៣៦២ នាក់ (ស្រី ២២៤នាក់) ដែលមានជនជាតិវៀតណាមច្រើនជាងគេចំនួន ៣៤៧នាក់ (ស្រី ៦៤នាក់) បន្ទាប់មកជនជាតិឥណ្ឌូនេស៊ី ២៧១នាក់ (ស្រី ៤៥នាក់) ជនជាតិចិន ២២៦នាក់ (ស្រី ២៣នាក់) ជនជាតិកូរ៉េ ៥៧នាក់ (ស្រី ២នាក់) ជនជាតិតៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀតដូចជា ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ា។
ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនដែលបម្រើឱ្យបទល្មើសឆបោកតាមអនឡាញ (Online Scams) រួមមាន កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទដៃ ម្សៅអេស្ដាស៊ី (គ្រឿងញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។
បច្ចុប្បន្ន ទីតាំងដែលបានបង្ក្រាប និងជនសង្ស័យទាំងអស់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធររាជធានី-ខេត្ត ដោយទីតាំងត្រូវបានបិទមិនអនុញ្ញាតឱ្យមានការចេញ-ចូល។ ចំណែកឯមេក្លោងដែលជាមុខសញ្ញាសំខាន់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ (ក្នុងនោះ រាជធានីភ្នំពេញបានបញ្ជូនមេក្លោងចំនួន ១១នាក់ រួមទាំងវត្ថុតាង)។ ទន្ទឹមនឹងនេះ សមត្ថកិច្ចកំពុងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនជនបរទេសដែលពាក់ព័ន្ធទៅកាន់មណ្ឌលរង់ចាំបណ្ដេញចេញពីប្រទេស។
ចំពោះវត្ថុតាងដែលរឹបអូសបានមួយចំនួន ត្រូវបានប្រគល់ជូនតុលាការ ខណៈដែលវត្ថុតាងមួយចំនួនទៀតកំពុងស្ថិតក្រោមការគ្រប់គ្រង និងរក្សាទុកដោយអាជ្ញាធររាជធានី-ខេត្ត ដើម្បីបម្រើដល់ការស៊ើបអង្កេតបន្ត។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕
ប្រភព៖ ក្រសួងព៍ត៌មាន