សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលពលរដ្ឋស្គាល់ហើយតែងតែហៅថា ប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥នេះ កាន់តែខិតមកដល់ហើយ ក្រោយពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្ខិតដំណើរការរៀបចំការប្រឡងនេះកាន់តែលឿនជាងមុនដល់ទៅ២ខែ។
ដូច្នេះ តើប្អូនៗសិស្សានុសិស្សត្រូវធ្វើយ៉ាងណា ខណៈដែលក្រសួងបានប្រកាសរួចហើយថា «ចេះគឺជាប់» ?
មកដល់ពេលនេះ រហូតដល់ថ្ងៃប្រឡងដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៨ ខែសីហា ខាងមុខគឺពេលវេលាកាត់តែគៀកមែនទែន ពោលគឺនៅសេសសល់រយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ។ ដូច្នេះនេះគឺជាពេលវេលាដ៏តានតឹង មិនថា ប្អូនៗជាសិស្សានុសិស្សផ្ទាល់ទេ សូម្បីតែឪពុកម្តាយ ឬអាណាព្យាបាលដែលយកចិត្តទុកដាក់លើកូនក៏រសេះរសោះតប់ប្រម៉ល់ផងដែរនៅក្នុងអំឡុងពេលនេះ ។
បេក្ខជននិងបេក្ខនារីដែលកំពុងតែត្រៀមប្រឡងគឺគួរតែយកចិត្តទុកដាក់លើការហាត់កាត់បន្ថយស្ត្រេសនិងការតប់ប្រម៉ល់នេះចេញ ។ ប្អូនៗគួរតែចេះគ្រប់គ្រងភាពតានតឹង និងរំលួសវាចោល តាមវិធីអប់រំចិត្តរក្សាភាពស្ងប់ស្ងាត់ ហើយក៏ចេះលៃលកពេលវេលានិយាយលេងពីនេះពីនោះជាមួយនឹងមិត្តភ័ក្រជិតស្និទ លោកគ្រូ អ្នកគ្រូ ។ ពេលខ្លះ ក៏អាចនិយាយលេងជាមួយនឹងឪពុកម្តាយ បងប្អូន ធ្វើនេះធ្វើនោះខ្លះ នៅពេលដែលយើងមានអារម្មណ៍ធុញថប់ខ្លាំងនឹងការរៀន ត្រៀមប្រឡង ។
ពេលវេលាត្រឹមតែ១ខែបែបនេះវាខ្លីណាស់ ដូច្នេះ វាដល់ពេលដែលត្រូវតែចាប់ផ្តើមរៀនឆ្លើយសំនួរ រៀនធ្វើលំហាត់ ឡើងវិញទាំងអស់ ។ មេរៀនណា ឬសំណួរណាលំបាកៗ ប្រញាប់លៃលកកៃខៃស្ថានការណ៍រកវិធី ងាយៗស្រួលចេះស្រួលចំណាំ ។ សំនួរណាចេះបន្តរំលង ប៉ុន្តែសំនួរណាភ្លេចប្រញាប់រំលឹកទាញយកការចងចាំមកវិញឲ្យបាន។
ក្រៅពីការរៀន ប្អូនៗក៏គួរតែលៃលកពេលវេលានិងគ្រប់គ្រងម៉ោងពេលសម្រាកឲ្យបានគ្រប់គ្រាន់ ។ ក្រៅពីនោះក៏សូមព្យាយាមទទួលទានអាហារណាដែលមានប្រយោជន៍មានកាឡូរីគ្រប់គ្រាន់ ដើម្បីត្រៀមប្រឡង ។ ប្អូនៗសូមព្យាយាមធ្វើទឹកចិត្តឲ្យប្រសើរ បរិភោគអាហារណាដែលមានជីវជាតិ ហើយហូបទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំអោយដួលពេលប្រឡង ។
សម្រាប់ឪពុកម្តាយឫអាណាព្យាបាលវិញ ប្រសិនបើយើងតាំងចិត្តយកចិត្តទុកដាក់និងផ្តល់កម្លាំងដល់កូនៗ គឺគួរតែយកចិត្តទុកដាក់បង្កើតបរិយាកាសសន្តិភាពផ្លូវចិត្តនៅក្នុងផ្ទះ ហើយព្យាយាម កុំរំខានឫធ្វើអ្វីមួយប៉ះពាល់ដល់ម៉ោងសិក្សារបស់ពួកគេ ។ ឪពុកម្តាយឫអាណាព្យាបាលគឺសូមបង្ហាញពីការគាំទ្រនិងជឿជាក់លើសមត្ថភាពរបស់ពួកគេ ពោលគឺធ្វើយ៉ាងណាក៏ដោយ កុំបង្កឲ្យកូនមានបញ្ហា នៅក្នុងគ្រួសារផ្ទុះឡើង…។ល។
ឪពុកម្តាយឫអាណាព្យាបាល គួតែចេះលៃលកលើកទឹកចិត្ត ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះបុត្រធីតារបស់ខ្លួន ។ គាំទ្រនិងទំនុកបម្រុងពពួកអាហារដែលមានតុល្យភាពផ្នែកសុខភាព ហើយ ក៏គួរតែជួយតាមដានមើលដំណេកពួកគេដើម្បីកុំអោយមានបញ្ហាសុខភាព ។ បងប្អូន ក៏គួរតែបង្ហាញនូវអារម្មណ៍នៃការគាំទ្រ ហើយព្យាយាមយ៉ាងណាកុំដាក់សម្ពាធលើពួកគេ ដោយការសម្លុតគំរាម កំហែងឡើង ។
បងៗប្អូនប្រុសប្អូនស្រីជាឪពុកម្តាយគួរតែប្រាប់ពួកគេថា ពូកគមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់កូនៗរបស់ខ្លួន ទោះបីជាមានរឿងអ្វីក៏ដោយ។ ប្រកាសំខាន់បំផុតគឺត្រូវជៀសឲ្យបាននូវការប្រៀបធៀបជាមួយអ្នកដទៃ។
សរុបទៅ ការប្រឡងខាងមុខនេះមិនមែនគ្រាន់តែជាការសាកល្បងនៃការធ្វើតេសសមត្ថភាពនោះទេ ប៉ុន្តែជាការសាកល្បងនៃការរៀបចំ វិន័យ និងផ្នត់គំនិតព្រមទាំងចំណេះនិងជំនាញរបស់ប្អូនៗសិស្សានុសិស្សនិងអាណាព្យាបាល ។ នៅក្នុងអំឡុងពេលនេះ សិស្សានុសិស្សនិងអាណាព្យាបាលគួរតែបង្កើត នូវ អារម្មណ៍ ភាពស៊ីសង្វាក់គ្នា និងការគាំទ្រគ្នា។ ប្អូនៗសិស្សានុសិស្សគួរតែជឿជាក់លើខ្លួនឯង ហើយឪពុកម្តាយគួរតែជាអ្នកលើកទឹកចិត្តដ៏ធំបំផុតចំពោះប្អូនៗ ។
