ទីក្រុងហុងកុង៖ អាជ្ញាធរហុងកុងចេញសេចក្ដីប្រកាសអាសន្នកម្រិតខ្ពស់បំផុតដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះវីផាដែលកំពុងបោកបក់កាន់តែកៀកទៅនឹងទីក្រុងមួយនេះហើយ។ ខ្យល់ព្យុះកំពុងបង្កើនល្បឿនដល់ជាង១៦៧គីឡូម៉ែត្រក្នុងមួយម៉ោង និងពំាំនាំទៅជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នៅទូទាំងទីក្រុងនេះ។ ជើងហោះហើរជាង២រយខ្សែត្រូវតែលុបចោល។
ការិយាល័យសង្កេតឧតុនិយមរបស់ទីក្រុងហុងកុងរក្សាទុកការប្រកាសអាសន្នកម្រិតខ្ពស់បែបនេះជាបណ្ដោះអាសន្ន។ វីផានឹងបក់នៅរយៈចម្ងាយ៥០គីឡូម៉ែត្រភាគខាងត្បូងទីតាំងសង្កេតឧតុនិយម។ ខ្យល់ព្យុះមានកម្លាំងបោកបក់ស្មើនឹងព្យុះហារីខេន (hurricane) នៅមហាសមុទ្រអាត្លង់ទិចដែរ ហើយកំពុងបង្កផលប៉ះពាល់ខ្លាំងទៅលើទីក្រុងហុងកុងភាគខាងត្បូង។
នៅថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ខាថៃ ប៉ាស៊ីហ្វិច អ៊ែវេ (Cathay Pacific Airways) បានលុបចោលជើងហោះហើររបស់ខ្លួនទាំងអស់គិតទាំងជើងហោះចេញ និងជើងហោះចូលទីក្រុងហុងកុងចាប់ពីម៉ោង៥ទៀបភ្លឺរហូតដល់ម៉ោង៦ល្ងាច។ ក្រុមហ៊ុនប្រាប់ឱ្យភ្ញៀវដូរសំបុត្រយកលុយគ្រប់ចំនួនវិញ និងអញ្ជើញទៅកក់សំបុត្រយន្តហោះសាជាថ្មី។
មិនត្រឹមតែការធ្វើដំណើរតាមអាកាសប៉ុណ្ណោះទេដែលកំពុងប្រឈមនឹងបញ្ហារអាក់រអួលខ្លាំង ការដឹកជញ្ជូនសាធារណៈភាគច្រើនត្រូវតែផ្អាកដំណើរការនៅថ្ងៃអាទិត្យ។ ជាក់ស្ដែង ការដឹកជញ្ជូនតាមនាវាចម្លង (ស្រឡាង) ក៏ត្រូវផ្អាកផងដែរព្រោះទឹកសមុទ្រមានរលកខ្ពស់ៗគួរឱ្យព្រួយបារម្ភ៕