(ខេត្តព្រះវិហារ និងឧត្តរមានជ័យ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ជាង ៨តោន ទៅផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន ទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
តាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានោ្យដឹងបន្ថែមថា កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលនេះគឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរនេះ។
ចំពោះការធ្វើឡើងមួយនេះ ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនផ្គត់ផ្គង់បន្លែចំនួន ៧ តោនបន្ថែមទៀត នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥៕