បាក់ឌុប2025៖ ពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស! សិស្សឆ្នើមម្នាក់ នឹងក្លាយជាម្ចាស់រថយន្តអគ្គិសនីតម្លៃជាង $15,000 មួយគ្រឿង

បាក់ឌុប2025៖ ពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស! សិស្សឆ្នើមម្នាក់ នឹងក្លាយជាម្ចាស់រថយន្តអគ្គិសនីតម្លៃជាង $15,000 មួយគ្រឿង

(រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង ពីក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ។

តាមរយការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។ ក្នុងជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេសតែម្នាក់គត់ សម្រាប់សម័យប្រឡង ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ ១០០ ភាគរយ ដែលអាចបើកបរបាន ៣១០ គីឡូម៉ែត្រ សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើនដែលមានតម្លៃ ១៥,៩៩០ ដុល្លារ។
ចំពោះគោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺ ដើម្បី៖

១. ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស

២. លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ។

ក្នុងនោះដែរ តបនឹងការលើកឡើងខាងលើ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះរបស់ក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ដែលបានចូលរួមចំណែកក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់រថយន្ដអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាសដែលស្របតាមការលើកទឹកចិត្តរបស់រដ្ឋាភិបាលនីតិកាលទី ៧ នេះ៕

ប្រភព៖ MoEYS Cambodia

administrator

Related Articles