ព្រែកជីកហ្វូណនតេជោ៖ ដំណើរការបោះបង្គោលគ្រោងបញ្ចប់នៅចុងសប្តាហ៍នេះ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ

ព្រែកជីកហ្វូណនតេជោ៖ ដំណើរការបោះបង្គោលគ្រោងបញ្ចប់នៅចុងសប្តាហ៍នេះ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោល​ព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍​នេះ ខណៈចំនួនបង្គោលដែលត្រូវបោះទាំងអស់មាន​ចំនួនជិតពីរពាន់បង្គោល។​នេះយោងតាមការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹក​ជញ្ជូន។

ឯកឧត្តម ផន រឹម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារ​បាន​ធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើ​ផ្ទៃសមុទ្រ(ខេត្តកែប)បានដោយជោគជ័យ។ ក្រុមការងារនឹង​បន្តបោះ​បន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។

យោងតាមការអធិប្បាយរបស់ឯកឧត្តម ផន រឹម បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុម​ការងារ​បច្ចេកទេស​បានចុះពិនិត្យ​ទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ​បាន​ដោយ​ជោគជ័យ​តាមកំណាត់ ឆ្លងកាត់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួ​មមាន៖ កំណាត់ទី១​ប្រវែងជាង២១​គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ​(ទន្លេមេគង្គ)-ព្រែកពោធិ៍(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់​ខេត្តតាកែវ​ចំនួន ២៣២បង្គោល,ខេត្តតាកែវចំនួន ៥៥២បង្គោល ,ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន១៨០​បង្គោល ដោយសរុបទាំងអស់មានចំនួន១ ៩២០បង្គោល។

ឯកឧត្តមគូសបញ្ជាក់ថា ដំណាក់កាលបន្ទាប់ ក្រុមការងារដោះស្រាយផល​ប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះវាស់វែងក្បាលដីប្រជា​ពលរដ្ឋដែលរងផលប៉ះពាល់ តាមយន្តការដោះស្រាយផលប់ះពាល់របស់រាជរដ្ឋាភិបាល ដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់ផលប្រយោជន៍ឡើយ។

គម្រោងព្រែកជីហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែ​មុខមាត់​កម្ពុជា នៅក្នុងវិស័យនាវា​ចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ផ្លូវទឹកមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល​ប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមាន​ទម្ងន់រហូតដល់ ៣ ០០០ DWT។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់​ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនា​សម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែម​នូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូន​តាម​ផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាព​នៃការដឹកជញ្ជូន​តាមផ្លូវទឹកផងដែរ។ នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍ​ប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្ម​ប្រកបដោយប្រសិទ្ធភាព​និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រង​ធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាម​បណ្តោយខ្សែផ្លូវទឹក​មួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។

គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយ​ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​កាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នគម្រោងនេះ បាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី​នាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពី​សំណាក់បងប្អូន​ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកនេះនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles