កម្ពុជា៖ ក្រសួងការបរទេស ទាមទារថៃបញ្ឈប់ជាបន្ទាន់ការផ្សាយព័ត៌មានមិនពិត និងកែតម្រូវការចោទប្រកាន់គ្មានមូលដ្ឋានលើករណីមីនប្រឆាំងមនុស្ស

កម្ពុជា៖ ក្រសួងការបរទេស ទាមទារថៃបញ្ឈប់ជាបន្ទាន់ការផ្សាយព័ត៌មានមិនពិត និងកែតម្រូវការចោទប្រកាន់គ្មានមូលដ្ឋានលើករណីមីនប្រឆាំងមនុស្ស

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលចោទប្រកាន់ដោយភាគីថៃ និងបានឱ្យបញ្ឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ និងចាត់វិធានការឱ្យបានសមស្រប ដើម្បីកែតម្រូវការនិយាយមិនពិតរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងសូមច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោទ ប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃ រងរបួសនាពេលថ្មីៗនេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានភស្តុតាងនេះ។ ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះខ្លឹមសារស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ នូវរាល់ការលើកឡើងថា កម្ពុជាបាន រំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមានទាំងវឌ្ឍនភាពយ៉ាងធំ ក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ ពីសង្គ្រាមនៅលើ ទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជា ក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងថា កម្ពុជាចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថា ហេតុការណ៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជា ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត ១:២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោង សម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។

ក្នុងនោះក្រសួងការបរទេស បានបញ្ជាក់ថា វាជាការសោកស្តាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃ បានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់ អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់ មិនឲ្យមានសកម្មភាពឯកតោភាគី នៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ ទោះបីជាកម្ពុជា បានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីជម្លោះប្រដាប់អាវុធ រាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃ បានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា។ សកម្មភាពមិនទទួលខុសត្រូវនេះ បានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោម អធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។

កម្ពុជា សូមជំរុញឱ្យប្រទេសថៃ ទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ លើបញ្ហានេះដោយស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ច របស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles