HUGO BOSS ក្លែងក្លាយ៖ បង្ក្រាបហាង H Collection លក់សម្លៀកបំពាក់រំលោភកម្មសិទ្ធិបញ្ញា

HUGO BOSS ក្លែងក្លាយ៖ បង្ក្រាបហាង H Collection លក់សម្លៀកបំពាក់រំលោភកម្មសិទ្ធិបញ្ញា

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​បង្ក្រាប​ហាង​លក់​សម្លៀក​បំពាក់ H Collection ពាក់ព័ន្ធ​ករណី​តាំង​លក់ ផលិតផល​ម៉ាក HUGO BOSS ក្លែងក្លាយ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ។

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រួម និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ហាង​លក់​សម្លៀក​បំពាក់ H Collection ទាំង​៣​សាខា ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​តាំង​លក់​សម្លៀក​បំពាក់​ម៉ាក HUGO BOSS ក្លែងក្លាយ រំ​លោ​.​ភ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន HUGO BOSS AG យោង​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​តំណាង S&O ។


ក្នុង​ការ​ត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ និង​ដកហូត​ផលិតផល​សម្លៀក​បំពាក់​ម៉ាក HUGO BOSS ក្លែងក្លាយ រួម​មាន : អាវ​ចំនួន ១៨៤៣​អាវ​, មួក​ចំនួន​១២​មួក​, ស្បែកជើង​ចំនួន ១៣២​គូ​, ខោ​ចំនួន​២០​ខោ និង​ខោ​ក្នុង​បុរស​ចំនួន ១៨​ខោ ព្រមទាំង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង រួម​នឹង​បុគ្គល​ពាក់ព័ន្ធ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​អាជីវករ សូម​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដោយ​បញ្ឈប់​ធ្វើការ​នាំ​ចូល​ចែកចាយ តាំង​លក់ ក៏​ដូច​ជា​ផ្សព្វផ្សាយ​លក់​តាម​បណ្តាញ​សង្គម នូវ​ផលិតផល​ក្លែងក្លាយ ឬ​ក្លែងបន្លំ​ម៉ាក​សញ្ញា បើ​ពុំនោះ​ទេ​សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles