ប្រទេសអេស្ប៉ាញ ៖ ក្លិបបាល់ទាត់ FC Barcelona បានបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងសម្រាប់ខ្សែប្រយុទ្ធ Marcus Rashford ពីក្លិប Manchester United ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមប្រភពពីសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសរាយការណ៍ថា ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអង់គ្លេសវ័យ២៧ឆ្នាំរូបនេះ ចូលរួមជាមួយនឹងក្រុមអ្នកមានបុណ្យ Barcelona ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេល១២ខែ ជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៥លានអឺរ៉ូ (៤១លានដុល្លារ) នៅឆ្នាំក្រោយ។ Rashford ក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលបានចុះហត្ថលេខាជាមួយក្លិប Barcelona ចាប់តាំងពីអតីតខ្សែប្រយុទ្ធអង់គ្លេស លោក Gary Lineker សម្រេចការផ្ទេរកាលពីឆ្នាំ១៩៨៦។ អវត្តមានរបស់ Rashford ជួយ Man Utd សន្សំលុយបានចន្លោះពី ១៩ ទៅ ២០លានដុល្លារក្នុងរយៈពេល១២ខែខាងមុខ។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា Barcelona នឹងរ៉ាប់រងលើប្រាក់ឈ្នួលប្រមាណ ៣៧៥ ០០០ដុល្លារក្នុង១សប្តាហ៍របស់ Rashford សម្រាប់រយៈពេល១២ខែ បន្ទាប់ពីកីឡាកររូបនេះ បានយល់ព្រមទទួលយកការកាត់បន្ថយប្រាក់ឈ្នួលចំនួន ២៥% ពីប្រាក់ឈ្នួលដែលរូបគេទទួលបានពេលនៅជាមួយ Man Utd។
Rashford មិនបានលេងឱ្យ Man Utd ចាប់តាំងពីខែធ្នូ ឆ្នាំមុនមកម្ល៉េះ ក្រោមការដឹកនាំរបស់លោក Ruben Amorin ដោយចំណាយពេលពាក់កណ្តាលរដូវកាល ២០២៤-២៥ ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Aston Villa។
សូមជម្រាបថា Marcus Rashford បានចូលរួមសាលាថ្នាលរបស់ Man Utd នៅក្នុងឆ្នាំ២០០៥ និងក្លាយជាកីឡាករអាជីពជាមួយក្រុមឈុតធំនៅឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីចំនួន ១៣៨គ្រាប់ពីការបង្ហាញខ្លួនសរុប ៤២៦ប្រកួតនៅគ្រប់កម្មវិធី និងរួមចំណែកជួយក្រុមរហស្សនាមបិសាចក្រហមមួយនេះ ឈ្នះពានរង្វាន់ FA Cup, EFL Cup, FA Community Shield និង UEFA Europa League ផងដែរ៕ ដកស្រង់ ៖ BBC និង Manchester Evening News



