ប័ណ្ណសុខភាពឥតគិតថ្លៃ: ស្វែងយល់ពីប័ណ្ណ ៤ ប្រភេទសម្រាប់ទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃនៅទូទាំងប្រទេស

ប័ណ្ណសុខភាពឥតគិតថ្លៃ: ស្វែងយល់ពីប័ណ្ណ ៤ ប្រភេទសម្រាប់ទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃនៅទូទាំងប្រទេស

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងពី ប្រភេទប័ណ្ណ សម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ ចំពោះប័ណ្ណ ៤ប្រភេទ មានប័ណ្ណសមាជិក ប.ស.ស. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល , ប័ណ្ណសមធម៌ និង ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស។

ប័ណ្ណទាំង ៤ប្រភេទនោះ រួមមាន៖

១. ប័ណ្ណសមាជិក ប.ស.ស. ៖ ប័ណ្ណសមាជិក ប.ស.ស. ចេញដោយ បេឡាជាតិសន្តិសុខសង្គម។ អត្ថប្រយោជន៍នៃប័ណ្ណនេះ សម្រាប់ប្រើសេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេសដែលជាដៃគូជាមួយ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកប្រាក់សោធន និងតាវកាលិកនានា។ រាល់បន្ទុកចំណាយជារបស់បេឡាជាតិសន្តិសុខសង្គម។

២. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ៖ ប័ណ្ណនេះមាន ២ប្រភេទ ទី១) សម្រាប់ ក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក-ក្រុង-ខណ្ឌ-រាជធានី-ខេត្ត និងសម្រាប ទី២) សម្រាប់កម្មករនិតយោជិតក្រៅប្រព័ន្ធ។ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលចេញដោយ បេឡាជាតិសន្តិសុខសង្គម ដែលមានអត្ថប្រយោជន៍ សម្រាប់ប្រើប្រាស់សេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស។ ប័ណ្ណនេះ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល។

៣. ប័ណ្ណសមធម៌ ៖ ប័ណ្ណសមធម៌ គឺសម្រាប់គ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ចេញដោយក្រសួងផែនការ ដែលអាចប្រើសេវាថែទាំសុខភាពឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស និងអត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (ឧបត្ថម្ភសេវាសាហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព)។ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល។

៤. ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ៖ ប័ណ្ណនេះ សម្រាប់អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យរដ្ឋ (គ្រួសារក្រីក្រដែលគ្មានប័ណ្ណសមធម៌)។ ជាប្រភេទប័ណ្ណចេញដោយក្រសួងសុខាភិបាល ដើម្បីប្រើសេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស និងអត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (ឧបត្ថម្ភសេវាសាហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព)។ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK 

administrator

Related Articles