ប្រទេសប្រេស៊ីល ៖ កីឡាករបាល់ទាត់ Neymar Jr. បានចំណាយប្រាក់ជាង ១,៥លានដុល្លារអាមេរិកទិញរថយន្ត Batmobile Tumbler ដែលជារថយន្តចម្លងតាមគំរូចេញពីរូបសញ្ញាសិទ្ធិផ្តាច់មុខខ្សែភាពយន្តមនុស្សប្រជៀវ «Batman» ហើយយោងតាមកាសែត Marca បានឱ្យដឹងថា របស់លេងថ្មីរបស់ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ៣៣ឆ្នាំរូបនេះ គឺជារថយន្ត Batmobiles ពិសេសមួយក្នុងចំនោមរថយន្ត Batmobile ចំនួន១០គ្រឿង ដែលផលិតឡើងជាពិសេសដើម្បីប្រារព្ធខួបលើកទី៨៥ នៃតួអង្គ Batman។
រថយន្តផលិតមានកំណត់ Batmobile Tumbler មានប្រវែង ៤,៦៥ម៉ែត្រ និងទទឹង ២,៨ ម៉ែត្រ ផលិតពិស៊ុមដែកមានសរសៃកាបូន និងតួពីសរសៃអារ៉ាមីត Kevlar។ រថយន្តដ៏ចម្លែកនេះ ត្រូវបានបំពាក់ម៉ាស៊ីន V8 6.2L កម្លាំង៥២៥សេះ ជាមួយរូបរាងបែបប្រយុទ្ធដ៏ទាក់ទាញបំផុត។ អ្វីដែលធ្វើឱ្យរថយន្ត Batmobile Tumbler ប្លែកដាច់ពីគេគឺលក្ខណៈពិសេសរបស់វាដោយភ្ជាប់ឧបករណ៍បាញ់គ្រាប់បែកផ្សែង ការរចនាដូចម៉ាស៊ីនយន្តហោះ កាំភ្លើងយន្តចម្លង ប្រដាប់បំពងសំឡេងអាចចល័តបានជាដើម ព្រមទាំងមុខងារជាច្រើនផ្សេងទៀត ដែលទាំងអស់នេះ ឆ្លុះបញ្ចាំងពីរថយន្តដែលបង្ហាញនៅក្នុងខ្សែភាពយន្តដ៏ល្បី Batman។
Neymar គឺជាអ្នកគាំទ្ររឿង Batman ជាយូរមកហើយ ថែមទាំងមានស្នាមសាក់និមិត្តសញ្ញាកំពូលវីរបុរស Batman លើខ្នងរបស់គេទៀតផង។ នៅឆ្នាំ២០២២ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានចូលរួមកម្មវិធីបញ្ចាំងរឿង The Batman ព្រមទាំងបានអង្គុយនៅក្នុងរថយន្ត Batmobile ដែលប្រើដោយតារាសម្តែង Robert Pattinson ថែមទៀតផង។
យ៉ាងណាមិញ ទោះបីជា Batmobile Tumbler មានតម្លៃថ្លៃខ្លាំងក៏ដោយ ប៉ុន្តែ Neymar នឹងមិនអាចបើកបររថនយន្តដ៏ចម្លែកនេះនៅលើផ្លូវសាធារណៈបានទេ ព្រោះវាមិនបំពេញតាមបទប្បញ្ញត្តិនៅក្នុងប្រទេសប្រេស៊ីល។ ផ្ទុយទៅវិញ វានឹងចតក្នុងកន្លែងដាក់រថយន្តប្រណិត ទំនើបៗ តម្លៃថ្លៃជាច្រើនគ្រឿងផ្សេងទៀតរបស់ Neymar រួមមាន Audi R8 Spyder V10 Plus, Ferrari Purosangue, Bentley Continental GT, Aston Martin DBX និង Lamborghini Huracan ជាដើម។
យោងតាមគេហទំព័រ Celebrity Net Worth បានបង្ហាញថា ទ្រព្យសម្បត្តិ Neymar ត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៥០លានដុល្លារអាមេរិក ដោយរកបានពីអាជីពបាល់ទាត់ដ៏ជោគជ័យរបស់ខ្លួន និងភាពជាដៃគូជាមួយបណ្តាក្រុមហ៊ុនជាច្រើនផងដែរ។ Neymar ក៏ត្រូវបានរាយការណ៍ថាជាម្ចាស់កម្មសិទ្ធិខុនដូដ៏ប្រណីត (Penthouse) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលមានតម្លៃជាង៥០លានដុល្លារ ក៏ដូចជាអចលនទ្រព្យនៅទីក្រុងម៉ៃអាមី (Miami) សហរដ្ឋអាមេរិក ព្រមទាំងកោះឯកជនមួយក្នុងប្រទេសកំណើតរបស់ខ្លួនផងដែរ៕ ដកស្រង់ ៖ VnExpress




