សហរដ្ឋអាមេរិក ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ខកខានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្រោយមិនអាចដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់មធ្យម WBC Welterweight ពីអ្នកប្រដាល់ឆ្នើមសញ្ជាតិអាមេរិក Mario Barrios បានឡើយ ដោយការប្រកួតកក្រើកសង្វៀន Grand Garden Arena នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ (ពេលវេលានៅកម្ពុជា) បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា។
បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញបំផុតចំនួន១២ទឹកពេញរួចមក ចៅក្រមមួយរូបបានសម្រេចផ្តល់ពិន្ទុ ១១៥-១១៣ ទៅកីឡាករ Barrios ខណៈដែលចៅក្រមពីររូបផ្សេងទៀត បានសម្រេចផ្តល់ពិន្ទុ ១១៤-១១៤ ដូចគ្នា មានន័យថា Barrios បន្តរក្សាខ្សែក្រវាត់ WBC welterweight របស់ខ្លួន។
ថ្លែងក្រោយការប្រកួត ប៉ាក់គីអៅ បានហៅជំនួបនេះថា ការប្រកួតដ៏អស្ចារ្យ ដោយស្តេចប្រដាល់ហ្វីលីពីនវ័យ៤៦ឆ្នាំរូបនេះ បានលើកឡើងដូច្នេះថា «ខ្ញុំគិតថា ខ្ញុំឈ្នះការប្រកួតនេះ វាជាការប្រកួតតឹងតែងណាស់ និងជាការប្រកួតដ៏អស្ចារ្យ»។ ជាមួយគ្នានោះ ប៉ាក់គីអៅ បានបន្តទៀតថា ពិតណាស់ លោកនឹងស្វែងរកការប្រកួតលើកទី២ជាមួយ Barrios ដែលក្រោយមកអ្នកប្រដាល់វ័យ៣៤ឆ្នាំរូបនេះបានឆ្លើយតបទៅវិញថា ខ្លួនក៏ចង់ប្រកួតម្តងទៀតដែរ។
ក្រោយការពារខ្សែក្រវាត់បានសម្រេច Barrios មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភាពរឹងមាំរបស់ ប៉ាក់គីអៅ ទោះស្ថិតក្នុងវ័យ៤៦ឆ្នាំក៏ដោយ។ Barrios បាននិយាយថា «ជារឿងឆ្កួតណាស់ ភាពរឹងមាំរបស់គាត់ គាត់នៅតែអាចធ្វើបាន គាត់នៅតែខ្លាំង»។ Barrios ក៏បន្ថែមទៀតថា គេនឹងផ្តល់ឱ្យ ប៉ាក់គីអៅ នូវការប៉ះគ្នាជាលើកទី២ បន្ទាប់ពីត្រូវបានអ្នកផ្វព្សផ្សាយកីឡាប្រដាល់សកល លោក Jim Gray ប្រាប់ថា នោះជាអ្វីដែល ប៉ាក់គីអៅ ចង់បាន។
បើយោងតាមប្រភពពីសារព័ត៌មានធំៗជាច្រើន រួមទាំងកាសែតអេស្ប៉ាញ Marca និងកាសែត The Sun របស់ចក្រភពអង់គ្លេស បានរាយការណ៍មុនការប្រកួតចាប់ផ្តើមថា ប៉ាក់គីអៅ អាចរកប្រាក់បានចន្លោះពី ៥ ទៅ ១០លានដុល្លារអាមេរិក។ ចំណែកឯ Barrios អាចនឹងរកបានចន្លោះពី ៥០ម៉ឺន ទៅ ១លានដុល្លារអាមេរិក។
ការបរាជ័យដណ្តើមខ្សែក្រវាត់ពី Barrios បានធ្វើឱ្យ ប៉ាក់គីអៅ ដែលអ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រឈ្នះខ្សែក្រវាត់ពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នា ហើយក៏ជាអ្នកប្រដាល់តែម្នាក់គត់កាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍នោះ ខកខានបំបែកកំណត់ត្រាជាកីឡាករឈ្នះខ្សែក្រវាត់ពិភពលោកវ័យចាស់បំផុតទី២ក្នុងប្រវត្តិសាស្ត្រប្រដាល់សកល បច្ចុប្បន្នជាកំណត់ត្រារបស់លោក George Foreman អ្នកប្រដាល់សញ្ជាតិអាមេរិក ដែលទើបទទួលអនិច្ចកម្មកាលពីចុងខែមីនាកន្លងទៅ នៅក្នុងអាយុ៧៦ឆ្នាំនោះ ដោយលោកសម្រេចបាននៅវ័យ៤៥ឆ្នាំ ខណៈលោក Bernard Hopkins ដែលបច្ចុប្បន្នមានវ័យ៦០ឆ្នាំ នៅតែជាកីឡាករឈ្នះម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យចាស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលនៅវ័យ៤៩ឆ្នាំ។
គូររំលឹកថា ការប្រកួតតទល់ជាមួយកីឡាករ Mario Barrios គឺជាការវិលត្រឡប់ឡើងសង្វៀនអាជីពវិញរបស់ ម៉ានី ប៉ាក់គីអៅ បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ក្រោយប្រកាសព្យួរស្រោមដៃចូលនិវត្តន៍ជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោយចាញ់ការប្រកួតអាជីពចុងក្រោយក្រោមថ្វីដៃកីឡាករប្រដាល់គុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១៕ ប្រភព ៖ USA Today, Fox Sports, Marca និង The Sun

