ទីក្រុងហាណូយ៖ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រទេសថៃបានបង្កកំហុសឆ្គងដ៏ធំមួយ ដោយបានបង្ហាញទង់ជាតិប្រទេសចិនជំនួសទង់ជាតិវៀតណាម ក្នុងអំឡុងពេលចាប់ឆ្នោតពានរង្វាន់បាល់ទាត់ក្នុងសាល (ហ្វុតសាល) យុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៥ (ASEAN U19 Boys’ Futsal Championship 2025)។ 
កំហុសឆ្គងនេះបានកើតឡើងក្នុងរយៈពេល ១០នាទីនៃពិធីចាប់ឆ្នោត ដែលរៀបចំដោយសមាគមបាល់ទាត់ថៃ (FAT) ហើយវីដេអូនោះត្រូវបានលុបចេញពីបណ្ដាញសង្គមរបស់ពួកគេភ្លាមៗ។ ជាការឆ្លើយតប សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានផ្ញើលិខិតតវ៉ាបន្ទាន់មួយទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និង FAT ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះកំហុសឆ្គងនេះ។
ក្នុងលិខិតនោះ VFF បានសង្កត់ធ្ងន់ថា៖ «VFF តវ៉ា និងស្នើសុំការបំភ្លឺទាក់ទងនឹងការបង្ហាញទង់ជាតិវៀតណាមមិនត្រឹមត្រូវ អំឡុងពេលចាប់ឆ្នោត។ កំហុសដ៏ធ្ងន់ធ្ងរនេះអាចមានផលវិបាក ធ្វើឱ្យខូចមុខមាត់ប្រទេសវៀតណាម និងប៉ះពាល់ជាអវិជ្ជមានដល់ឯកភាពក្នុងសហគមន៍អាស៊ាន»។ VFF ក៏បានស្នើសុំឱ្យ AFF ស៊ើបអង្កេតមូលហេតុ និងអនុវត្តវិធានការតឹងរ៉ឹង ដើម្បីការពារបញ្ហាស្រដៀងគ្នានេះមិនឱ្យកើតឡើងវិញនៅពេលអនាគត។ 
ឆ្លើយតបនឹងការតវ៉ា ទាំង AFF និង FAT ក្រោយមកបានចេញលិខិតសុំទោសជាផ្លូវការទៅកាន់វៀតណាម និង VFF។ ជាក់ស្ដែង លោកស្រី Nualphan Lamsam ហៅ Madam Pang ប្រធាន FAT បានផ្ញើលិខិតសុំទោសទៅកាន់ប្រធាន VFF លោក Tran Quoc Tuan ដោយបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង។ លោកស្រីបានបញ្ជាក់ថា បញ្ហានេះមិនមែនជាការបង្ហាញពីការមិនគោរពចំពោះវៀតណាម ឬសហព័ន្ធជាសមាជិកអាស៊ានដទៃទៀតនោះទេ។ លោកស្រី Madam Pang ក៏បានគូសបញ្ជាក់ថា FAT បានចាត់វិធានការកែតម្រូវ និងពង្រឹងនីតិវិធីរបស់ខ្លួនរួចហើយ ដើម្បីធានាថានឹងគ្មានកំហុសបែបនេះកើតឡើងទៀតឡើយ។ 
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្នុងសាលយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តណនថាបុរី ប្រទេសថៃ។ វៀតណាមស្ថិតក្នុងពូល A រួមជាមួយព្រុយណេ និងម្ចាស់ផ្ទះថៃ រីឯពូល B មានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។ ក្រុមទាំងអស់នឹងប្រកួតក្នុងទម្រង់វិលជុំ ដោយក្រុមខ្លាំងបំផុតពីរក្នុងពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕ ប្រភព៖ VNExpress, ASEAN FOOTBALL និង Seasia goal
