កម្ពុជា​បំបែក​កំណត់ត្រា​ថ្មី! ដណ្ដើម​បាន​មេដាយ​៤​គ្រឿង​ពី​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន

កម្ពុជា​បំបែក​កំណត់ត្រា​ថ្មី! ដណ្ដើម​បាន​មេដាយ​៤​គ្រឿង​ពី​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានដណ្ដើមយកមេដាយសរុបចំនួន ៤គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។ ជោគជ័យនេះបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកីឡាកម្ពុជា។

អត្តពលិកកម្ពុជា

យោងតាមសេចក្ដីរាយការណ៍ពីលោក យឺន ពន្លឺ ដែលជាប្រធានបេសកកម្មនៅប្រទេសបារ៉ែន បានឱ្យដឹងថា មេដាយប្រាក់ទាំង ២គ្រឿង គឺបានមកពីប្រភេទកីឡាប្រដាល់គុនខ្មែរ។ កីឡាករ ឆុង វិសាល បានដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីចាញ់កីឡាករអ៊ូសបេគីស្ថាននៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកឯកីឡាការិនី អ៊ុំ ស្រីពេញ ក៏បានឈ្នះមេដាយប្រាក់ ១គ្រឿងផងដែរ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាននៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ជ័យលាភីកីឡា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការទទួលមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កាលពីការចូលរួមប្រកួត ២លើកមុន កម្ពុជាពុំធ្លាប់ដណ្ដើមបានមេដាយម្ដងណាឡើយ។

មេដាយកីឡា

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបនេះបានបន្ថែមថា គិតមកត្រឹមពេលនេះ កម្ពុជាបានដណ្ដើមបានមេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធចំនួន ២គ្រឿង ដោយឈរនៅលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេសដែលចូលរួម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អត្តពលិកកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នេះ បានរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីមិត្តភាព សាមគ្គីភាពយ៉ាងល្អ។ ឯកឧត្តមបានកោតសរសើរដល់ម្ចាស់ផ្ទះបារ៉ែន ដែលបានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះបានយ៉ាងល្អ ទោះបីជាពួកគេទើបតែទទួលយកភារកិច្ចនេះត្រឹមរយៈពេល ៨ខែជំនួសប្រទេសអ៊ូសបេគីស្ថានក៏ដោយ។

ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិករបស់យើង ដើម្បីជាកម្លាំងចិត្ត និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ប្រតិភូ និងគ្រូបង្វឹក រហូតដណ្ដើមបានជ័យជម្នះជូនជាតិមាតុភូមិ។

administrator

Related Articles