ប្រទេសវៀតណាម ៖ ផ្កាយរណប LOTUSat-1 របស់វៀតណាម ដែលជាមោទកភាពថ្មីមួយក្នុងវិស័យអវកាស បានបញ្ចប់ការផលិត និងត្រៀមខ្លួនជាស្រេចសម្រាប់ការបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធមជ្ឈមណ្ឌលអវកាសនៅឧទ្យាន Hoa Lac Hi-Tech ទីក្រុងហាណូយ ក៏កំពុងដំណើរការយ៉ាងពេញលេញផងដែរ ត្រៀមទទួលទិន្នន័យសំខាន់ៗពេលផ្កាយរណបនេះចាប់ផ្តើមបេសកកម្ម។
ទោះជាយ៉ាងណា លោកអគ្គនាយកមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបញ្ជាក់ប្រាប់សារព័ត៌មាន VnExpress កាលពីថ្ងៃពុធថា ការបាញ់បង្ហោះផ្កាយរណប LOTUSat-1 ដែលជាផ្កាយរណបរ៉ាដាតាមដានអាកាសធាតុដំបូងបំផុតរបស់វៀតណាម គ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានពន្យារពេលដោយគ្មានកាលបរិច្ឆេទច្បាស់លាស់។ ការពន្យារពេលនេះ ដោយសារតែការបាញ់បង្ហោះសាកល្បងរ៉ុក្កែត Epsilon-S របស់ប្រទេសជប៉ុន បានបរាជ័យកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ បច្ចុប្បន្ន ជប៉ុនកំពុងពិចារណាថាតើគួរប្រើប្រាស់រ៉ុក្កែត Epsilon-S បន្ទាប់ពីកំណែទម្រង់ ឬផ្លាស់ប្តូរទៅប្រភេទរ៉ុក្កែតផ្សេង?

ជុំវិញបញ្ហានេះ VNSC កំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូជប៉ុន ដើម្បីកំណត់កាលបរិច្ឆេទបាញ់បង្ហោះថ្មី និងធានាឱ្យបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពរបស់ផ្កាយរណបក្រោយការបាញ់បង្ហោះ។ ក្រុមវិស្វករ និងអ្នកជំនាញវៀតណាម ក៏ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីតាមដាន និងត្រួតពិនិត្យការរចនា ការផ្គុំ និងការធ្វើតេស្តផ្កាយរណបក្នុងលក្ខខណ្ឌលំហអាកាស។
គម្រោង LOTUSat-1 គឺជាជំហានមូលដ្ឋានដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសរបស់វៀតណាម រហូតដល់ឆ្នាំ២០៣០ ដែលមានគោលដៅពង្រឹងជំនាញ និងជំរុញការពឹងផ្អែកលើបច្ចេកវិទ្យាអវកាសដោយខ្លួនឯង។
ប្រព័ន្ធមជ្ឈមណ្ឌលអវកាស ឬទីតាំងបាញ់បង្ហោះផ្កាយរណបរបស់វៀតណាម ដែលបានបង្កើតឡើងនៅឧទ្យាន Hoa Lac Hi-Tech រួមបញ្ចូលទាំងអង់តែនទំហំ ៩.៣ ម៉ែត្រសម្រាប់ទទួលសញ្ញា មជ្ឈមណ្ឌលគ្រប់គ្រង និងប្រតិបត្តិការ ក៏ដូចជាមជ្ឈមណ្ឌលដំណើរការទិន្នន័យផងដែរ។ វៀតណាមបានទទួលយកបច្ចេកវិទ្យាជប៉ុនសម្រាប់ដំណើរការប្រព័ន្ធនេះ។

ផ្កាយរណប LOTUSat-1 នឹងបម្រើភ្នាក់ងាររដ្ឋាភិបាល ដោយផ្តល់ទិន្នន័យទាន់ពេលវេលា និងត្រឹមត្រូវសម្រាប់ការឆ្លើយតបគ្រាអាសន្ន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិ។ វាគឺជាផ្នែកមួយនៃគម្រោងការពារគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបសម្រាប់សង្កេតផែនដី។ គម្រោងនេះ បានបើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១២ នៅឧទ្យាន Hoa Lac Hi-Tech ដោយទទួលបានមូលនិធិពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ជប៉ុន និងដើមទុនផ្ទាល់របស់វៀតណាម។
ផ្កាយរណបដែលមានទម្ងន់ ៦០០ គីឡូក្រាមនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យារ៉ាដាទំនើបចុងក្រោយ មានសមត្ថភាពចាប់វត្ថុតូចៗរហូតដល់មួយម៉ែត្រនៅលើផែនដី និងអាចប្រតិបត្តិការបានគ្រប់លក្ខខណ្ឌអាកាសធាតុ ទាំងថ្ងៃ និងយប់។ វានឹងចាប់យកនូវរូបភាពដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការឆ្លើយតបគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងការត្រួតពិនិត្យបរិស្ថាន។
សូមបញ្ជាក់ផងដែរថា ប្រទេសវៀតណាម និងជប៉ុន បានចាប់ដៃសហការគ្នាក្នុងវិស័យបច្ចេកវិទ្យាអវកាសតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ ដោយមានការគាំទ្រពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) វិស្វករមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានបង្កើត និងបាញ់បង្ហោះផ្កាយរណបតូចៗផលិតក្នុងស្រុកចំនួន ៣ ដោយជោគជ័យគឺ PicoDragon, NanoDragon និង MicroDragon ទៅកាន់គន្លងតារាវិថីរួចមកហើយ។
