ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ លើកទី១៥ ប្រចាំឆ្នាំ បានបើកសម្ពោធយ៉ាងអធិកអធមកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានប្រមូលផ្តុំអ្នកចូលរួមជាង ១ ៨០០នាក់ មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។

ក្នុងឱកាសថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខសន្តិភាព ដែលជាកត្តាគ្រឹះក្នុងការទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ បង្កើត រក្សា និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះបានផ្តល់ឱកាសមាសដល់អ្នកស្វែងរកការងារអាចជួបផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជកដែលមានតម្រូវការកម្លាំងពលកម្មជាក់ស្តែងជាង ៣ម៉ឺនកន្លែង។ ជាមួយគ្នានេះ វាគ្មិនជំនាញជាច្រើនរូបក៏បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងពីផលិតភាព និងការប្រកួតប្រជែងក្នុងទីផ្សារការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រឡប់ពីប្រទេសថៃ។ គិតត្រឹមខែតុលានេះ មានឱកាសការងារសរុបប្រមាណ ៤៦ម៉ឺនកន្លែង ហើយអ្នកទទួលបានការងារមានប្រមាណ ២៧ម៉ឺននាក់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា បច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មយ៉ាងឆាប់រហ័ស ការលើកកម្ពស់ផលិតភាពតាមរយៈការប្រែក្លាយកម្លាំងពលកម្មជំនាញឱ្យមានផលិតភាពខ្ពស់តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងកិច្ចការនេះឱ្យបានទូលំទូលាយ ទាំងកម្រិតជាតិ វិស័យឯកជន សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតម្នាក់ៗ។ វិស័យឯកជនដើរតួយ៉ាងសំខាន់ក្នុងការសហការលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ អនុវត្តស្តង់ដារល្អៗ និងផ្តល់ការបណ្តុះបណ្តាលជំនាញជាក់លាក់តាមវិស័យ។ ចំពោះសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុននីមួយៗត្រូវនាំមុខក្នុងការផ្តួចផ្តើមចាប់យកផ្នត់គំនិតបត់បែនលឿន នវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីបង្កើនភាពប្រកួតប្រជែង។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថបន្តពង្រីកជំនាញឱ្យមានភាពបត់បែនលឿនឆ្លើយតបនឹងបម្រែបម្រួលបច្ចេកវិទ្យា។ លើសពីនេះ សហជីពក៏មានតួនាទីសំខាន់ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនា។
ក្នុងពិធីបើកដ៏សំខាន់នេះ ក៏មានវត្តមានលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជានៃអង្គការអន្តរជាតិខាងការងារ លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ លោក ALBERT TAN អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានបង្ហាញការគាំទ្រ និងលើកឡើងនូវមតិយោបល់រួមគ្នាដើម្បីជំរុញកំណើនឱកាសការងារ និងផលិតភាពការងារខ្ពស់នៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), និងអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ព្រមទាំងមានស្តង់ចំនួន ១៨៧។
