ពិព័រណ៍​ការងារ​ជាតិ ២០២៥ បើក​ទ្វារ​ឱកាស​មាស ៣​ម៉ឺន​កន្លែង​សម្រាប់​យុវជន និង​ពលករ

ពិព័រណ៍​ការងារ​ជាតិ ២០២៥ បើក​ទ្វារ​ឱកាស​មាស ៣​ម៉ឺន​កន្លែង​សម្រាប់​យុវជន និង​ពលករ

រាជធានី​ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រារព្ធ​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ដ៏​អធិកអធម​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​កោះ​ពេជ្រ ដោយ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ជូន​ដល់​យុវជន សិស្ស​និស្សិត និង​បងប្អូន​ពលករ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃ (១-២ ខែវិច្ឆិកា) នេះ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្វែងរក​ការងារ​ដ៏​មាន​សក្ដានុពល​។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​ពី​វិស័យ​ឯកជន​នៅ​តែ​ខ្លាំងក្លា ខណៈ​ដែល​សកម្មភាព​សេដ្ឋកិច្ច និង​សង្វាក់​ផលិតកម្ម​នៅ​គ្រប់​វិស័យ​ដូចជា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ខ្ពស់​។ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា៖ «​សិស្ស​និស្សិត​មិន​ត្រឹមតែ​បាន​មក​ស្វែងយល់​អំពី​ក្រុមហ៊ុន​នានា​ដែល​ត្រូវ​ជាមួយ​ជំនាញ ឬ​មុខវិជ្ជា​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ស្វែងរក​ការងារ​ផ្ទាល់​តែម្ដង ប្រសិនបើ​មានការ​ចុះសម្រុង​គ្នា​រវាង​ក្រុមហ៊ុន និង​បេក្ខជន នោះ​ការ​សម្ភាសន៍​នឹង​ធ្វើឡើង​ភ្លាមៗ​»។

ពិព័រណ៍​នេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​វិថី​ឆ្ពោះទៅ​រក​ផលិតភាព៖ ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​» ដែល​មាន​គោលបំណង​រក្សា​តុល្យភាព​ទីផ្សារ​ការងារ តាមរយៈ​ការ​គាំទ្រ​និយោជក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក និង​ជួយ​អ្នក​ស្វែងរក​ការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​។ ឯកឧត្ដម ហេង សួរ ក៏​បាន​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ​ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករ​និយោជិត គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) សិស្ស​និស្សិត យុវជន និង​អ្នក​ស្វែងរក ការងារ​ធ្វើ​។ ព្រម​ទាំង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​លើកកម្ពស់​ការ​យល់ដឹង និង​បណ្ដុះ​ផ្នត់គំនិត​អំពី​ការ​បង្កើន​ផលិតភាព​ការងារ​។

ពិព័រណ៍​ការងារ​ឆ្នាំនេះ​ត្រូវ​បាន​បែងចែក​ជា ៣​ព្រឹត្តិការណ៍​សំខាន់ៗ៖

* **ទី​១. ការ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន សហគ្រាស៖** ផ្ដល់​ឱកាស​ពិសេស​សម្រាប់​សិស្ស​និស្សិត យុវជន និង​អ្នក​ស្វែងរក​ការងារ​ដាក់ពាក្យ​ផ្ទាល់ ជួប និង​សម្ភាសន៍​ភ្លាមៗ​ជាមួយ​និយោជក​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជាក់ស្ដែង​ជាង ៣​ម៉ឺន​កន្លែង​។

* **ទី​២. កិច្ច​ពិភាក្សា​លើ​ប្រធានបទ «​វិថី​ឆ្ពោះទៅ​រក​ផលិតភាព៖ ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​» និង​ការ​ចែករំលែក​បទពិសោធន៍៖** មានការ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​ដែល​មាន​ជំនាញ​ក្នុង​ទីផ្សារ​ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ជោគជ័យ ក្នុង​គោលបំណង​បណ្ដុះ​ផ្នត់គំនិត កែប្រែ​ឥរិយាបថ និង​បង្កើន​ការ​យល់ដឹង​ពី​ការ​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​អាជីវកម្ម​។

* **ទី​៣. កម្មវិធី​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស៖** បើក​ច្រក​សម្រាប់​សិស្ស​និស្សិត​ស្វែងយល់​ព័ត៌មាន​ការងារ និង​និយោជក​ស្វែងរក​បុគ្គលិក​ឱ្យ​ជួបគ្នា​។

លោក គង់ ច័ន្ទ​វាសនា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា នេះ​ជា​ការ​ចូលរួម​ផ្ទាល់​លើក​ទី​៣ និង​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​រៀបចំ​កម្មវិធី​នេះ​ឡើង​។ ការ​ចូលរួម​នេះ​រួមមាន ការ​ដាក់​តាំង​បង្ហាញ​ស្ដង់​យុវជន ការ​ជ្រើសរើស​យុវជន​ចូលរួម​សន្និសីទ​សារព័ត៌មាន កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ (វោហា​កោសល្យ) សិក្ខាសាលា និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​យុវជន​។

លោក គង់ ច័ន្ទ​វាសនា បាន​បន្ថែម​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​យុវជន និង​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ការ​គិតគូរ​ម៉ត់ចត់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ក្រសួង​ការងារ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​។

ប្រធានបទ​នៃ​ការ​បង្កើន​ផលិតភាព​តាមរយៈ​ការ​ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន និង​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​បរិវត្តកម្ម​ឌីជីថល (Digital Transformation) ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ទាំងអស់គ្នា​។

ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​មានការ​ចូលរួម​សហការ​ពី​ដៃគូ​សំខាន់ៗ​រួមមាន ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA), សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) រាជធានី​ភ្នំពេញ, សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC), មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF), ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA), និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ផង​ដែរ​។








administrator

Related Articles