**រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥៖** ក្រុមហ៊ុនរថយន្តប្រណីត Lexus Cambodia បានរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល Lexus Cambodia Cup 2025 ដ៏អធិកអធមមួយ នៅទីលានវាយកូនហ្គោលលំដាប់ផ្កាយ ៥ វឌ្ឍនៈ ហ្គោលរីសត ដោយមានការចូលរួមពីសំណាក់អតិថិជនខ្លួនយ៉ាងច្រើនកុះករ។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីស្វែងរកកីឡាករឆ្នើមមួយរូប មកតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតដណ្ដើមពានរង្វាន់ Lexus Asia Cup 2026 នៅប្រទេសសិង្ហបុរី។

Lexus Asia Cup ត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលដ៏ល្បីល្បាញបំផុតមួយនៅទូទាំងតំបន់អាស៊ី ដែលឧបត្ថម្ភដោយផ្ទាល់ពីក្រុមហ៊ុន Lexus ដែលជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Toyota។ ព្រឹត្តិការណ៍នេះផ្ដល់ឱកាសមាសសម្រាប់កីឡាករវាយកូនហ្គោលឯកទេសមកពីបណ្ដាប្រទេសនៅតំបន់អាស៊ី និងជុំវិញពិភពលោក ឲ្យបានមកប្រកួតប្រជែងសមត្ថភាពក្នុងទម្រង់ជាក្រុម ដើម្បីបង្ហាញពីទេពកោសល្យ និងរួមគ្នាលើកកម្ពស់កិត្តិយសវិស័យកីឡាវាយកូនហ្គោលក្នុងតំបន់ឲ្យកាន់តែល្បីល្បាញ។

ថ្លែងក្នុងពិធីនោះ លោក Kensuke Tsuchiya អគ្គនាយកប្រតិបត្តិ Lexus Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការស្វាគមន៍អតិថិជន Lexus Cambodia ដែលជាអ្នកស្រឡាញ់វិស័យកីឡាវាយកូនហ្គោលទាំងអស់ មកកាន់ព្រឹត្តិការណ៍ Lexus Cambodia Cup 2025»។ លោកបានបន្តទៀតថា គោលបំណងនៃការប្រកួតនេះ មិនមែនគ្រាន់តែផ្ដោតលើការប្រកួតផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែ Lexus Cambodia ចង់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយអតិថិជន និងស្វែងយល់កាន់តែច្បាស់ពីតម្រូវការរបស់ពួកគេ។

ការយល់ឃើញនេះបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ Lexus ដែលជាម៉ាកសញ្ញាផលិតឡើងដោយឈរលើមូលដ្ឋាននៃភាពប្រណីត ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងសម្រេចបាននូវភាពល្អឥតខ្ចោះលើគ្រប់ចំណុច ដើម្បីបម្រើជូនអតិថិជន។ លោក Kensuke Tsuchiya ក៏បានសង្ឃឹមផងដែរថា ការបើកទំព័រថ្មីនៃការប្រកួតកីឡាវាយកូនហ្គោលលំដាប់ថ្នាក់ខ្ពស់នេះ នឹងជួយឲ្យ Lexus Cambodia បង្កើតបាននូវស្ដង់ដារថ្មីសម្រាប់ខ្លួនឯង និងសម្រាប់អតិថិជន។

ព្រឹត្តិការណ៍នេះក៏មានវត្តមានជាភ្ញៀវកិត្តិយសពីកីឡាការិនីវាយកូនហ្គោលអាជីពដ៏ឆ្នើម Harmonie Yin ដែលជាកីឡាការិនីកូនខ្មែរដំបូងបំផុតដែលបានបង្កើតប្រវត្តិសាស្ត្រទទួលបានការទទួលស្គាល់លំដាប់ពិន្ទុពី World Amateur Golf Ranking (WAGR)។

ក្រោយពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករគ្រប់រូប លទ្ធផលចុងក្រោយ Lexus Cambodia បានរកឃើញអ្នកឈ្នះដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន ៣រូប រួមមាន៖
១. កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)
២. កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី ១ (1st Runner Up)
៣. កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី ២ (2nd Runner Up)

ការប្រកួត Lexus Cambodia Cup 2025 នេះ គឺជាការចាប់ផ្ដើមនៃដំណើរដ៏សំខាន់មួយឆ្ពោះទៅកាន់ Lexus Cup Asia 2026។ អ្នកឈ្នះពីព្រឹត្តិការណ៍នេះនឹងបន្តតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ ហើយយើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលមានកីឡាករខ្មែរមួយរូបបានអញ្ជើញទៅចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំមួយនៅអាស៊ី។

គួរបញ្ជាក់ផងដែរថា Lexus Asia Cup បានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០០៥ នៅប្រទេសសិង្ហបុរី។ នៅឆ្នាំ ២០២៥ នេះ ពានរង្វាន់ដ៏មានកិត្តិនាមនេះបានត្រឡប់មកវិញក្នុងទម្រង់ថ្មីហៅថា Lexus Cup 2025 ដែលជាព្រឹត្តិការណ៍ផ្តាច់មុខសម្រាប់អតិថិជន Lexus នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ គោលបំណងគឺដើម្បីផ្ដល់បទពិសោធន៍ “Experience Amazing” ដល់អតិថិជន Lexus និងលើកស្ទួយវិស័យកីឡាហ្គោលនៅទូទាំងអាស៊ី។ Lexus Asia Cup មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់បង្ហាញទេពកោសល្យ និងលើកកម្ពស់កីឡាវាយកូនហ្គោលនៅអាស៊ី ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ Lexus ក្នុងការគាំទ្រវប្បធម៌ និងកីឡាក្នុងតំបន់។

Lexus បានដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយផ្លាស់ប្ដូរនិយមន័យនៃភាពប្រណីតក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ ១៩៩៨ Lexus បានបង្កើតនូវប្រភេទរថយន្ត SUV ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើការលក់រថយន្ត Hybrid ប្រណីត Lexus បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦ លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។

ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាចិត្តដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន Lexus បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ Lexus នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ Lexus ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

